អន្តរជាតិ
ឡាវ មានករណីជំងឺអុតស្វាជាលើកដំបូង
20, Sep 2023 , 5:32 pm        
រូបភាព
រូបភាព iStock
រូបភាព iStock
ក្រសួងសុខាភិបាលឡាវ នៅថ្ងៃទី១៩ ខែកញ្ញា បានរាយការណ៍ជំងឺអុតស្វា១ករណី ជាលើកដំបូងនៅក្នុងប្រទេស។ ក្រសួងសុខាភិបាលឡាវ បានជំរុញឱ្យមន្រ្តីនៅទូទាំងប្រទេស មានការយកចិត្តទុកដាក់លើជំងឺអុតស្វា។

 
តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសឡាវ នៅថ្ងៃទី១៩ ខែកញ្ញា បុរសម្នាក់ ត្រូវបានរកឃើញថា បានឆ្លងជំងឺអុតស្វា បន្ទាប់ពីត្រលប់មកពីប្រទេសជិតខាង។ នេះជាករណីដំបូងនៃជំងឺអុតស្វា ដែលត្រូវបានរកឃើញនៅឡាវ។ ពេលនេះ អ្នកជំងឺរូបនោះ ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងវៀងចន្ទន៍។
 
ទន្ទឹមនេះ ក្រសួងសុខាភិបាលឡាវ បានព្រមានថា ករណីឆ្លងនៃជំងឺអុតស្វា អាចបន្តកើនឡើងបន្ថែមទៀត ដោយសារតែចំនួនប្រជាជនធ្វើដំណើរទៅបណ្តាប្រទេសផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។ 
 
បន្ថែមពីនេះ ឡាវ បានទទូចឱ្យមន្ទីរពេទ្យនៅក្នុងប្រទេសទាំងអស់ មិនថារដ្ឋ ឬឯកជន ឱ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ប្រសិនបើអ្នកជំងឺណាមានរោគសញ្ញាគ្រុន និងចេញអុតនៅលើដងខ្លួន។ 
 
«មន្ទីរពេទ្យ ជាពិសេសមន្ទីរពេទ្យខេត្ត ដែលមានច្រកអន្តរជាតិ ត្រូវបានស្នើឱ្យរៀបចំសម្ភារវេជ្ជសាស្រ្តចាំបាច់ ឧបករណ៍សម្រាប់ការពារ និងឧបករណ៍សម្រាប់ធ្វើតេស្ត»។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលថៃ ចេញនៅថ្ងៃទី១៩ ខែកញ្ញា។ 
 
បន្ថែមពីនេះ ឡាវ បានបញ្ជាឱ្យមន្ទីរពេទ្យទាំងអស់ ត្រូវតែត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការធ្វើពិសោធន៍ និងត្រៀមឧបករណ៍ប្រមូលសំណាកជំងឺអុតស្វាដើម្បីធានាពីភាពឆាប់រហ័ស ក្នុងការកំណត់ពីជំងឺមួយនេះ៕ 
 

Tag:
 អុតស្វា
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com