ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន ម៉ាណែត ចេញទៅចូលរួមមហាសន្និបាត UN នៅញូវយ៉ក
21, Sep 2023 , 8:45 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត និងភរិយា បានចេញដំណើរទៅកាន់ក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី២១ ខែកញ្ញា នេះ ដើម្បីចូលរួម ««មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» រហូតដល់ថ្ងៃទី២៥ ខែកញ្ញា។ នេះជាដំណើរទៅកាន់ក្រៅប្រទេសលើកទី៣ផងដែរ សម្រាប់សម្តេច ហ៊ុន ម៉ាណែត ក្រោយកាន់តំណែងនាយករដ្ឋមន្ត្រីជិត១ខែ។



មហាសន្និបាតអង្គការសហប្រជាជាតិ នឹងមានកិច្ចពិភាក្សាលើមូលបទ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សន្ទរកថារបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងសន្និបាត នឹងផ្តោតលើបរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។

ក្រៅពីជំនួបទ្វេភាគីជាមួយអគ្គលេខាធិការ UN និងថ្នាក់ដឹកនាំមួយចំនួន សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងពិធីសំណេះសំណាលជាមួយកម្មករក្នុងស្រុកបាទី ខេត្តតាកែវ កន្លងមកថា សម្តេចនឹងយកឱកាសទាក់ទាញវិនិយោគ តាមរយៈជំនួបជាមួយអ្នកវិនិយោគអាម៉េរិក និងខ្មែរ-អាម៉េរិក ជាដើម។

ដោយឡែក លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស ក៏ត្រូវចូលរួមប្រជុំ និងមានជំនួបពិភាក្សាទ្វេភាគីច្រើនផងដែរ ជាមួយសមភាគីពីបណ្តាប្រទេសនានា។ ប្រតិភូអមផ្សេងទៀតរួមមាន លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ, លោក ស្រ៊ី ថាមរង្គ និងលោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី នាអំឡុងអវត្តមានសម្តេច ហ៊ុន ម៉ាណែត។

កាលពីឆ្នាំ២០២២ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទៅចូលរួមមហាសន្និបាតលើកទី៧៧ផងដែរ ដោយកាលណោះ មានកិច្ចពិភាក្សាលើបញ្ហាពាក់ព័ន្ធជាច្រើន ដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ស្ថានការណ៍ឧបទ្វីបកូរ៉េ, កូវីដ-១៩ ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com