ជាតិ
សង្គមជាតិ
គោលនយោបាយអាទិភាព៦ចំណុច របស់រដ្ឋាភិបាល នឹងប្រកាសដំណើរការ ពីខែតុលាទៅ
21, Sep 2023 , 12:09 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២០កញ្ញា ២០២៣។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២០កញ្ញា ២០២៣។
ភ្នំពេញ៖ ចាប់ពីដើមខែតុលា ដល់ខែធ្នូ គោលនយោបាយអាទិភាព៦ចំណុច របស់រដ្ឋាភិបាល នឹងប្រកាសដាក់ឱ្យដំណើរការផ្លូវការជាបន្តបន្ទាប់ ។ រដ្ឋាភិបាលបានរៀបចំអនុវត្តកម្មវិធីទាំងនោះ រួចរាល់ហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០កញ្ញា។

 
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រី នៅកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី បានពិភាក្សាគ្នានិងសម្រេចការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ ឱ្យបានមុខដំណាច់ឆ្នាំ២០២៣។ 
 
គោលនយោបាយអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានកម្មវិធីទី១ ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកល និងកម្មវិធីទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដោយរដ្ឋគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១៤ វិច្ឆិកា។ កម្មវិធីទាំងពីរនេះ នឹងរៀបចំប្រកាសនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 
 
ចំណែក កម្មវិធីទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រោះអាសន្ន គឺគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី៥ ធ្នូ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ 
 
រីឯ កម្មវិធីទី៤ ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ នឹងប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០តុលា ដែលនឹងរៀបចំឡើងនៅក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ដន៍។ 
 
ចំពោះ កម្មវិធីទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងកម្មវិធីទី៦ចុងក្រោយ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ។ កម្មវិធីទាំងពីរនេះ គ្រោងនឹងប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២០ វិច្ឆិកា នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 
 

Tag:
 រដ្ឋាភិបាល
  គោលនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com