កីឡាជាតិ
ជាតិ
ក្រុមបាល់ទះកម្ពុជា អស់ភារកិច្ច នៅ Asian Games ក្រោយចាញ់ កូរ៉េខាងត្បូង ៣សិតទល់ ០
21, Sep 2023 , 3:17 pm        
រូបភាព
ការប្រកួតវាងកម្ពុជា និងកូរ៉េខាងត្បូង រូបពី VDO អាំង សិរីពិសិដ្ឋ
ការប្រកួតវាងកម្ពុជា និងកូរ៉េខាងត្បូង រូបពី VDO អាំង សិរីពិសិដ្ឋ
ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ចប់ភារកិច្ចប្រកួតក្នុងព្រឹត្តិការណ៍ Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បន្ទាប់ពីចាញ់ ក្រុមកូរ៉េខាងត្បូង ទាំង៣សិត (២៥-២៣, ២៥-១៣, ២៥-១៥) ក្នុងវគ្គសន្សំពិន្ទុចុងក្រោយពូល C នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។



នៅសិតទី១ ការប្រកួត មានភាពតឹងតែង ដោយពិន្ទុ តាមពីក្រោយគ្នាទៅវិញទៅមក យ៉ាងប្រកៀកប្រកិត។ ក្នុងសិតដដែរនោះ កូរ៉េខាងត្បូង បានឈ្នះកម្ពុជា ២៥-២៣។
ដោយឡែក ចូលដល់សិតទី២ កម្ពុជា ហាក់ធ្វើមិនបានល្អទេ ដោយកូរ៉េខាងត្បូង បានឈ្នះពិន្ទុដាច់ ត្រឹមលទ្ធផល ២៥-១៣។ ក្នុងសិតនេះ កីឡាករកម្ពុជា បានខូចគ្រាប់បាល់ជាច្រើន ដោយសារគប់បាល់ ចេញក្រៅខ្សែទីលាន។
 
ចូលមកដល់សិតទី៣ កម្ពុជា នៅតែធ្វើមិនបានល្អដូចជាសិតទី១ ដោយចាញ់ពិន្ទុ ២៥-១៥។ កីឡាករកម្ពុជា បានខូចបាល់វាយសាវេ ជាច្រើនគ្រាប់ នៅក្នុងសិតនេះ។ បរាជ័យទាំងពីរប្រកួតក្នុងពូល បានធ្វើឱ្យក្រុមបាល់ទះក្នុងសាលកម្ពុជា មិនអាចបន្តទៅវគ្គ៨ក្រុមចុងក្រោយឡើយ។ ក្នុងពូល C នេះ ឥណ្ឌាឡើងទៅវគ្គបន្ត ស្របពេលកូរ៉េខាងត្បូងរង់ចាំអ៊ុតក្រុមលេខ២ល្អបំផុត។
 
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពូល C នេះ កម្ពុជា បានចាញ់ ឥណ្ឌា ក្នុងលទ្ធផល ៣សិត ទល់និង ០ ចំណែក កូរ៉េខាងត្បូង ក៏បានចាញ់ ឥណ្ឌា ក្នុងលទ្ធផល ៣សិត ទល់និង២។ ចំពោះការបរាជ័យ ៣-០ ជាមួយឥណ្ឌានោះ ក្នុងសិតទី១ កម្ពុជា ចាញ់ ២៥-១៤, សិតទី២ ចាញ់ ២៥-១៣ និងសិតទី៣ ចាញ់២៥-១៩៕ 
 

Tag:
 បាល់ទះ
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com