ជាតិ
ក្រសួង​៤ចាប់ផ្តើម​​អនុវត្តកម្មវិធីនយោបាយអាទិភាពនៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​មុនគេ
21, Sep 2023 , 7:29 pm        
រូបភាព
ពីឆ្វេងទៅស្តាំ លោក ហេង សួរ រដ្ឋមន្ត្រី​ការងារ លោក ជា សុមេធី រដ្ឋមន្ត្រី​សង្គម​កិច្ច លោក ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម និង​លោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម
ពីឆ្វេងទៅស្តាំ លោក ហេង សួរ រដ្ឋមន្ត្រី​ការងារ លោក ជា សុមេធី រដ្ឋមន្ត្រី​សង្គម​កិច្ច លោក ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម និង​លោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម
ដោយ: រួបរួម
រដ្ឋាភិបាលអណត្តិទី​៧ នឹង​ចាប់ផ្តើមអនុវត្តកម្ម​វិធី​គោលនយោបាយ​អាទិភាពទាំង​៦​ជាបន្តបន្ទាប់ មុន​ដំណាច់​ឆ្នាំ​២០២៣ ដោយ​ការងារទាំងនោះ ពាក់ព័ន្ធ​ក្រសួង​ចំនួន​៤។ នេះបើតាម​សេចក្តីប្រកាសព័ត៌មានពីលទ្ធផល​នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី​២០ ខែកញ្ញា ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

 
ចាប់ផ្តើមនៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ត្រូវផ្តើម​អនុវត្តកម្មវិធីទី១ និងទី២ នៃយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទីមួយ។ កម្ម​វិធីទី១ ផ្តោត​លើ​ការ​ផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់​ខុសភាពជាសកល រីឯកម្ម​វិធីទី២ សំដៅ​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពីគ្រួសារ​ក្រីក្រ និងគ្រួសារងាយ​រងហានិភ័យ។
 
ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ទទួល​បន្ទុក​លើ​ការអនុវត្ត​កម្មវិធីទី៣ នៅថ្ងៃទី​៥ ខែធ្នូ ដែល​ជាកម្ម​វិធីគោលនយោបាយ នៃការធ្វើ​ស្ថាបនូបនីយកម្ម​កម្ម​វិធីជាតិជំនួយ​សង្គម​សម្រាប់​គ្រួសារក្រីក្រ ក្រុមជនងាយ​រងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង​គ្រួសារងាយ​រងហានិភ័យនៅក្នុងគ្រា​មាន​វិបត្តិសេដ្ឋកិច្ច និង​គ្រាមានគ្រោះអាសន្ន។
 
កម្មវិធីទី៤ គ្រោង​ប្រកាស​ដាក់ឱ្យអនុវត្ត​ផ្លូវការនាថ្ងៃទី​១០ ខែតុលា នៅ​ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍។ កម្ម​វិធីនេះ ជាការ​ដាក់​ចេញ និង​ការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធឱ្យមាន​លទ្ធភាព​ចូល​រួម​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ។
 
ថ្ងៃទី​២០ ខែ​វិច្ឆិកា ក្រសួងកសិកម្ម​ រុក្ខា ប្រមាញ់ និងនេសាទ គ្រោង​អនុវត្ត​ជាផ្លូវ​ការកម្ម​វិធីពីរ​ចុងក្រោយ ដោយកម្ម​វិធីទី៥ ជាការ​ដាក់ចេញ​នូវ​យន្តការ​សម្របសម្រួល និង​កម្ម​វិធី​ហិរញ្ញ​ប្បទាន​សំដៅ​លើកស្ទួយ​ផលិតកម្ម រក​ទីផ្សារ និង​រក្សាលំនឹងថ្លៃ​កសិផលសំខាន់​ៗ​ក្នុង​កម្រិត​សមរម្យ។ កម្ម​វិធីទី​៦ ជាការដាក់ពង្រាយ​មន្ត្រី​បច្ចេក​ទេសកសិកម្ម​ទៅគ្រប់​ឃុំ-សង្កាត់ ដែលមាន​សកម្ម​ភាព​កសិកម្ម​នៅទូទាំង​ប្រទេស ដើម្បី​ជំរុញ​ការ​លើក​កម្ពស់​ផលិតភាព​កសិកម្ម និង​ជួយ​ដល់​គ្រួសារ​កសិករ ក្នុង​ការ​លើក​ស្ទួយ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ និង​ការ​រៀបចំ​ឱ្យមាន​សមាគម​កសិករនៅទីជន​បទ។
 
របាយ​ការណ៍​វឌ្ឍនភាព​នៃការ​រៀបចំយន្ត​ការអនុវត្តកម្ម​វិធី​គោល​នយោបាយ​អាទិភាព​ទាំង​៦ សម្រាប់​ប្រកាស​ចាប់​ផ្តើម​អនុវត្ត​មុន​ដំណាច់​ឆ្នាំ​២០២៣​នេះ ត្រូវ​បាន​សម្រេច​ឯកភាព​ដោយ​អង្គ​ប្រជុំពេញអង្គ​របស់គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃពុធ ទី​២០ ខែ​កញ្ញា។
 
ការ​អនុវត្ត​នេះ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើ​ការសម្រប​សម្រួល និង​ចូល​រួម​រៀបចំនូវយន្ត​ការ​អនុវត្ត​ហិរញ្ញ​ប្បទាន និង​ការងារពាក់ព័ន្ធ​ផ្សេងៗ ក្រោម​ការ​ឯកភាពតាំងពីអណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​របស់សម្តេច ហ៊ុន សែន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com