កីឡាអន្តរជាតិ
អន្តរជាតិ
Muller ក្លាយជាកីឡាករទី៣ ក្នុងប្រវត្តិសាស្ត្រដែលឈ្នះការប្រកួត ១០០ដងនៅ UCL
21, Sep 2023 , 7:59 pm        
រូបភាព
ខ្សែប្រយុទ្ធជើងចាស់ Thomas Muller ក្លាយជាកីឡាករទី៣ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី Cristiano Ronaldo និង Iker Casillas ដែលប្រកួតឈ្នះ ១០០លើក​ ក្នុងពានរង្វាន់ក្លិបកំពូលអឺរ៉ុប  UEFA Champions League។ Muller សម្រេចបានកំណត់ត្រានេះ ក្រោយក្រុម Bayern Munich បានប្រកួតឈ្នះលើ Manchester United លទ្ធផល ៤-៣ នារាត្រីថ្ងៃទី២០ ឈានចូលទី២១ ខែកញ្ញា។



Bayern អបអរជ័យជម្នះខ្លួន ក្រោយភាពតានតឹងនៃការប្រកួតឈ្នះលើ Manchester United លទ្ធផល ៤-៣ ក្នុងកីឡដ្ឋាន Allianz Arena។ Muller រួមចំណែកជួយយកបាន ៣ពិន្ទុសម្រាប់ក្រុមជើងខ្លាំងនៃលីគកំពូលអាល្លឺម៉ង់ ហើយដែលជាការប្រកួតដែលឈ្នះបាន ១០០លើករបស់រូបគេនៅ UCL ហើយធ្វើឱ្យរូបគេក្លាយជាកីឡាករស្ថិតក្នុងបញ្ជីកីឡាករធ្វើបានកំណត់ត្រានេះជាមួយនឹង Ronaldo ដែលឈ្នះ ១១៥ប្រកួត។ ចំណែក Iker Casilla អតីតអ្នកចាំទីអេស្ប៉ាញ និង Real Madrid ឈ្នះការប្រកួត UCL ចំនួន ១០១លើក។
 
ទោះជាឈានដល់វ័យកាន់តែច្រើន តែឱកាសការបង្ហាញខ្លួននៅក្នុង UCL ឱ្យក្រុម Bayern Munich បានជួយរុញច្រាន Muller សម្រេចបាននូវកំណត់ត្រាដ៏ល្អជាងកីឡាករផ្សេងទៀតនៅក្នុងក្រុម។ កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះ ជួយក្រុម Bayern ទទួលបានជោគជ័យក្នុងការប្រកួតថ្ងៃបើកឆាកពូល A របស់ពួកគេនៃ Champions League រដូវកាល ២០២៣-២៤។
 
ដោយឡែកសម្រាប់ Bayern Munich ឈ្នះលើក្រុមបិសាចក្រហមថ្ងៃបើកឆាកវគ្គចែកពូលនេះ បានធ្វើឱ្យពួកគេបន្តកំណត់ត្រាការឈ្នះថ្ងៃបើកឆាកដ៏ជោគជ័យបំផុតតាំងពីឆ្នាំ ២០០២ មក។ ការបរាជ័យចុងក្រោយបំផុតនៃការប្រកួតថ្ងៃបើកឆាកសម្រាប់ Bayern កើតឡើងនៅឆ្នាំ ២០០២ ដោយកាលនោះពួកគេចាញ់ក្រុម Deportivo de La Coruna លទ្ធផល ៣-២ នៃជំនួបបើកឆាកវគ្គចែកពូល UCL។
 
មិនត្រឹមតែកំណត់ត្រាប្រកួតឈ្នះថ្ងៃបើកឆាកវគ្គចែកពូលជាបន្តបន្ទាប់នោះទេ តែ Bayern ក៏បន្តកំណត់ត្រារបស់ពួកគេដោយ ៣៤ប្រកួតចុងក្រោយមកនេះមិនដែលចាញ់ម្តងឡើយនៅវគ្គចែកពូលនៃក្របខណ្ឌ Champions League។ ៣៤ប្រកួតនោះឈ្នះ ៣១លើក និងស្មើ ៣លើក ហើយស្ថិតិនេះក៏បានរាប់បញ្ចូលក្រោយពេលដែលពួកគេបានយកឈ្នះលើ Manchester United នាថ្ងៃទី២០ ខែកញ្ញានេះផងដែរ៕

Tag:
 Thomas Muller
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com