កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer ចោទ Ronaldo ធ្វើឱ្យគម្រោងក្រុម Man Utd ក្រឡាប់ចាក់
21, Sep 2023 , 9:59 pm        
រូបភាព
លោក Ole Gunnar Solskjaer អតីតអ្នកចាត់ការទូទៅ Manchester United នៅថ្ងៃទី២០ ខែកញ្ញា បានចោទប្រកាន់ការចុះកិច្ចសន្យាសារជាថ្មីជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើឱ្យក្រុមក្រឡាប់ចាក់ និងខុសគម្រោងការ ក្នុងការប្រជែងពានរង្វាន់ផ្សេងៗ។



លោក Solskjaer ដែលបានកាន់តំណែងគ្រូបង្វឹកក្រុមបិសាចក្រហមរយៈពេលជិត ៣រដូវកាល ដោយនៅរដូវកាលចុងក្រោយរបស់លោកក្នុងឆ្នាំ ២០២១ នៅពេលដែលមានវត្តមានរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យចូលរួមក្រុម។
 
ពេលនោះការផ្ទេរទៅលើកីឡាករខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ត្រូវបានគេមើលឃើញថាបានវាយប្រហារដល់គម្រោងដែលក្រុម Man United បានរៀបចំសម្រាប់ការប្រជែងពានរង្វាន់ Premier League ក្រោយពេលពួកគេបានបញ្ចប់រដូវកាល ២០២០-២១ ក្នុងចំណាត់ថ្នាក់លេខ ២។
 
ប៉ុន្តែរឿងរ៉ាវត្រូវបានផ្លាស់ប្តូរ ដោយក្រុមធ្វើមិនបានល្អជាបន្តបន្ទាប់ពីការប្រកួតបរាជ័យ រហូតក្លិបបានបណ្តេញលោក Solskjaer ចេញពីតំណែងនៅចុងឆ្នាំ ២០២១​។ ឈានចូលការដឹកនាំថ្មីរបស់អ្នកចាត់ការលោក Erik ten Hag មិនដល់រយៈពេល ១រដូវកាលផងនោះ Ronaldo ត្រូវបានផ្តាច់កុងត្រាជាមួយក្រុមក្រោយរូបគេរិះគន់អ្នកចាត់ការក្រុមថាចង់ធ្វើឱ្យគេចាកចេញពីក្រុម។
 
«ពេលនោះគឺវាជាពេលដែលត្រូវចាប់យកជំហ៊ានបន្ទាប់សម្រាប់ការប្រជែងពានរង្វាន់ ហើយជារឿងសោកស្តាយ វាមិនបានដំណើរការតាមអ្វីដែលបានគ្រោងទុកឡើយ។ វាជាការសម្រេចចិត្តដ៏លំបាកក្នុងការកែប្រែគម្រោង ហើយខ្ញុំមានអារម្មណ៍ថាពេលយើងចាប់យកតាមគម្រោងថ្មី វាបានប្រែជាខុសទៅវិញ។ ដំបូងយើងគិតថាវាត្រឹមត្រូវពេលដែលចុះកិច្ចសន្យារូបគេ ហើយអ្នកគាំទ្រមានអារម្មណ៍បែបនេះដូចគ្នា ពេលដែលឈ្នះការប្រកួតទល់ Newcastle គេស៊ុតចូល ២គ្រាប់ គេពិតជាកីឡាករពូកែរកគ្រាប់បាល់ តែវត្តមានគេក៏ធ្វើឱ្យកីឡាករកំពុងពេញសមត្ថភាពល្អមួយចំនួនជួបវិបត្តិ។»។ លោក ​Solskjaer បាននិយាយប្រាប់កាសែត The Athletic បែបនេះ។
 
ដោយឡែកក្រៅពី Ronaldo អតីតគ្រូបង្វឹករូបនេះក៏បានលើកឡើងពីខ្សែការពារ Harry Maguire ដែលជាកីឡាករម្នាក់លោកបាននាំយកមកចូលរួមក្រុម។ លោក Solskjaer បាននិយាយអំពីការដែល Maguire ទទួលរងការរិះគន់ខ្លាំង ហើយថែមទាំងលើកទឹកចិត្តដល់ខ្សែការពាររូបនោះឱ្យមានភាពរឹងមាំ និងកែប្រែទម្រង់លេងសារឡើងវិញ។
 
បច្ចុប្បន្ន Man United ស្ថិតក្រោមការដឹកនាំរបស់លោក Erik Ten Hag កំពុងធ្លាក់ចូលវិបត្តិ ដោយក្រុមបានឈរនៅចំណាត់ថ្នាក់លេខ ១៣ នៃក្របខណ្ឌ ​Premier League ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ ២ ចាញ់ ៣ ស្របពេលមានបញ្ហាកីឡាករល្អៗរបួសច្រើន។ Man United ចាប់តាំងពីឆ្នាំ ២០១៣ មកមិនដែលឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសសូម្បីតែមួយដង៕
 

Tag:
 Manchester United
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com