កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប Spurs ថាការតែងតាំងអ្នកចាត់ការ Mourinho និង Conte ជាកំហុស
22, Sep 2023 , 9:29 am        
រូបភាព
លោក Daniel Levy ប្រធានក្លិប Tottenham Hotspur និយាយថាក្លិបបានសាងកំហុស ក្នុងការតែងតាំងអ្នកចាត់ការទូទៅដែលធ្លាប់បានឈ្នះពានរង្វាន់រួចកាលពីមុនៗមក ដូចជាលោក Jose Mourinho និងលោក Antonio Conte ធ្វើឱ្យក្រុមធ្លាក់ចូលក្នុងវិបត្តិ។



អតីតគ្រូបង្វឹក Mourinho និង Conte សុទ្ធសឹងតែធ្លាប់បានដឹកនាំក្លិបដទៃឈ្នះពានរង្វាន់ Premier League ដូចគ្នា ប៉ុន្តែគ្រូបង្វឹកទាំងពីរត្រូវបានក្រុម Spurs បណ្តេញចេញពីតំណែងក្រោយដឹកនាំមិនដល់រយៈពេល ១៨ខែ បន្ទាប់ពីធ្វើមិនសូវបានល្អសម្រាប់លទ្ធផលការប្រកួត។ បច្ចុប្បន្ន Spurs ស្ថិតក្រោមការដឹកនាំរបស់លោក Ange Postecoglou ឈរចំណាត់ថ្នាក់លេខ ២ នៅដើមរដូវកាលថ្មី ២០២៣-២៤។
 
លោក Levy ប្រធានក្លិបក៏បានលើកឡើងអំពីសម្ពាធក្រោយពេលក្លិបបានបណ្តេញលោក Mauricio Pochettino ចេញពីតំណែងហើយតែងតាំងគ្រូដែលធ្លាប់ដឹកនាំក្រុមដទៃឈ្នះពាន។
 
«ពេលនេះយើងបាននាំ Tottenham វិលត្រលប់មកល្អឡើងវិញហើយ។ ការផ្លាស់ប្តូរយុទ្ធសាស្រ្តកន្លងមកមិនទទួលបានផល យើងក៏ចង់ឈ្នះឱ្យបានច្រើនតាមតែអាចធ្វើទៅបានដូចទៅនឹងក្លិបដទៃដែរ តែការខកចិត្តចំពោះការមិនឈ្នះអ្វីសោះក៏បានក្លាយជាសម្ពាធ ពីកីឡាករ ហើយក៏ពីសំណាក់អ្នកគាំទ្រផងដែរ ដូច្នេះយើងត្រូវការឈ្នះ។ យើងត្រូវការចំណាយប្រាក់ យើងត្រូវការអ្នកចាត់ការល្បីៗ ហើយវាបានប៉ះពាល់ដល់ខ្ញុំ។ យុទ្ធសាស្ត្រនាំអ្នកចាត់ការឈ្នះពាន យើងធ្វើ ២ដងរួចមកហើយ យើងបានរៀនសូត្រពីកំហុសទាំងនេះ។»។ លោក Levy បានលើកឡើងបែបនេះក្នុងកិច្ចសន្ទនាក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនាថ្ងៃទី២០ ខែកញ្ញា។
 
លោក Mourinho និង Conte សុទ្ធសឹងតែធ្លាប់ដឹកនាំក្រុម Chelsea ឈ្នះពានរង្វាន់ Premier League ដូចគ្នាកាលពីមុនមកដឹកនាំក្រុមរហស្សនាមមាន់ខ្នាយមាស។ លោក Mourinho សញ្ជាតិព័រទុយហ្កាល់ ដឹកនាំក្រុមតោខៀវឈ្នះ Premier League ៣លើក ត្រូវបានតែងតាំងជាគ្រូ Spurs ក្នុងឆ្នាំ ២០១៩ ហើយដឹកនាំក្រុមបានត្រឹមចំណាត់ថ្នាក់លេខ ៦ នៅរដូវកាលដំបូង ហើយត្រូវដេញចេញក្នុងឆ្នាំ ២០២១។
 
អ្នកចាត់ការសញ្ជាតិអ៊ីតាលី Conte វិញត្រូវបានដឹកនាំក្រុមក្រោយពេល Spurs បណ្តេញលោក Nuno Espirito អតីតអ្នកចាត់ក្រុម Wolver តែក៏ត្រូវបណ្តេញចេញពាក់កណ្តាលរដូវកាល ២០២២-២៣ ក្រោយមានជម្លោះជាមួយកីឡាករ។
 
បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Postecoglou អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី និងក្រុម Celtic បានជួយ Spurs ប្រកួតឈ្នះជាបន្តបន្ទាប់នៅដើមរដូវកាលថ្មី Premier League។ ៥ប្រកួតកន្លងមក Spurs យកឈ្នះបាន ៤ប្រកួត និងស្មើ ១ប្រកួត ដោយការឈ្នះធំបំផុតនោះគឺលើក្រុម Manchester United នាថ្ងៃបើករដូវកាលថ្មីលទ្ធផល ២-០ បន្ទាប់មក Burnley លទ្ធផល ៥-២៕
 

Tag:
 Tottenham Hotspur
  Daniel Levy
© រក្សាសិទ្ធិដោយ thmeythmey.com