អន្តរជាតិ
ចិន និងរុស្ស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ពិភពលោកពហុប៉ូល
21, Sep 2023 , 10:29 pm        
រូបភាព
លោក វ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន ចាប់ដៃជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងខែកុម្ភៈ។ រូបភាព Reuters
លោក វ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន ចាប់ដៃជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងខែកុម្ភៈ។ រូបភាព Reuters
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២០ ខែកញ្ញា បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថា រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងមូស្គូ ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ស្របពេលស្ថានភាពពិភពលោកកំពុងមានភាពស្មុគស្មាញ។

 
ពីទីក្រុងSaint Petersburg នៅថ្ងៃទី២០ ខែកញ្ញា លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដោយភាគីទាំងពីរបានស្វះស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្របពេលពិភពលោកមានបញ្ហាប្រឈមជាច្រើន។ 
 
«ភាគីទាំងពីរ ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តពហុភាគី ការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់ និងបង្កើតកិច្ចខិតខំថ្មី ដើម្បីលើកតម្កើងសណ្តាប់ធ្នាប់អន្តរជាតិ សម្រាប់ភាពយុត្តិធម៌ និងភាពត្រឹមត្រូវ»។ លោកវ៉ាង យី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ពិភពលោក កំពុងវិវដ្តទៅរកពហុប៉ូល។ 
 
ជាការឆ្លើយតប លោកពូទីន បានអះអាងថា រដ្ឋាភិបាលក្រុងមូស្គូ ត្រៀមខ្លួនជាស្រេច ក្នុងការបន្តក្របខណ្ឌពហុភាគី ដូចជា អង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ និងក្រុមប្រទេស​BRICS ដើម្បីប្រឆាំងនឹងការស្វះស្វែងរកអនុត្តរភាពនិយមនៃប្រព័ន្ធឯកប៉ូល និងការប្រឈមមុខបែបប្លុក ហើយរុស្ស៊ី និងរក្សាភាពយុត្តិធម៌ និងត្រឹមត្រូវរបស់ពិភពលោកផង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។​
 
ក្នុងជំនួបជាមួយលោកវ៉ាង លោកពូទីន ក៏បានបញ្ជាក់ផងដែរថា លោកនឹងទទួលសំណើអញ្ជើញរបស់លោកប្រធានាធិបតីចិន ស៊ី ជិនភីង ដើម្បីបំពេញទស្សនកិច្ចនៅចិន និងចូលរួមគំនិតផ្តួតផ្តើមផ្លូវ និងខ្សែក្រវាត់ នៅក្នុងខែតុលា ខាងមុខ។  
 
កន្លងមក ចិន និងរុស្ស៊ី បានចាត់ទុកគ្នាទៅវិញទៅមកជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្ត ដោយប្រទេសទាំងពីរ បានសរសើពីភាពជាដៃគូគ្មានដែនកំណត់ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា។ 
 
ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ដែលប្រទេសលោកខាងលិចបានដាក់សម្ពាធមក រុស្ស៊ី បានខិតទៅជិតចិនយ៉ាងខ្លាំង និងបានស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាច្រើន។ ចំណែកចិនវិញ មិនបានរិះគន់រុស្ស៊ីនោះទេ ដោយបានត្រឹមតែឈរនៅកណ្តាលប៉ុណ្ណោះ និងជំរុញឱ្យចូលតុចរចា៕
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com