កីឡាអន្តរជាតិ
អន្តរជាតិ
Messi និង Alba ជួបបញ្ហារបួសមុនពេល Inter Miami ប៉ះ Houston វគ្គផ្តាច់ព្រ័ត្រ US Open Cup
21, Sep 2023 , 5:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានបង្ខំចិត្តផ្លាស់ប្តូរចេញពីការប្រកួតនៅត្រឹមនាទី៣៧ ខែវគ្គទីមួយក្នុងជំនួបដែលក្រុម Inter Miami បានយកឈ្នះ Toronto FC លទ្ធផល ៤-០ នៃក្របខណ្ឌ Major League Soccer នាថ្ងៃទី២១ ខែកញ្ញា។ Messi និងមិត្តរួមក្រុម Jordi Alba ជួបបញ្ហារបួស មុនពេលការប្រកួតសំខាន់មកដល់ដូចគ្នា។



ក្រោយការប្រកួតយកឈ្នះលើក្រុម Toronto FC ៤-០ រួចក្រុម Inter Miami នឹងត្រូវប្រជែងពានរង្វាន់ US Open Cup វគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Houston Dynamo នៅថ្ងៃទី២៧ ខែកញ្ញា។ គ្រូបង្វឹកក្រុមលោក Gerardo Martino ថានឹងមិនដាក់ Messi និង Alba ក្នុងបញ្ជីក្រុមបើសិតជានៅមានបញ្ហារបួស។
 
«វាគ្មានជម្រើសទេ ដែលថាពួកគេនឹងអាចមានវត្តមាននៅការប្រកួតដ៏សំខាន់ពេលខាងមុខ។ ខ្ញុំដឹងថាយើងមានការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលត្រូវប្រជែង ប៉ុន្តែពួកគេនឹងមិនស្ថិតក្នុងទីលាន ឬសូម្បីតែនៅជិតប្រសិនបើពួកគេមិនអាចលេងបាន។»។ លោក Martino បាននិយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតដូច្នេះ។
 
Messi នឹង Alba បានចាប់ផ្តើមបង្ហាញខ្លួនក្នុងការប្រកួតឡើងវិញសម្រាប់ក្រុម Inter Miami ក្រោយខកខានក្នុងការប្រកួតដែលក្រុមចាញ់ក្រោមថ្វីជើងក្រុម Atlanta United លទ្ធផល ៥-២ ក្នុងកីឡដ្ឋាន Mercedez Benz ដ៏ប្រណិតត្រៀមរៀបចំព្រឹត្តិការណ៍ World Cup 2026។ ១១ប្រកួតដែលមានវត្តមាន Messi ក្រុម Inter Miami តែងយកឈ្នះការប្រកួត។
 
យ៉ាងណាលេងបានត្រឹម ៣៧នាទី ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៧សម័យ បានផ្លាស់ប្តូរចេញ បន្ទាប់មកប៉ុន្មាននាទីក្រោយ មិត្តរួមក្រុមរបស់គេ Jordi Alba ក៏បានប្តូរចេញដោយសារបញ្ហារបួសដូចគ្នា។ កាលពីប្រកួតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនទល់នឹងក្រុមបូលីវីក៏ Messi មិនត្រូវបានលោក ​Lionel Scaloni ដាក់ឱ្យចូលលេងផងដែរ ព្រោះតែបញ្ហរបួសនេះ កាលពីសប្តាហ៍មុន។
 
ក្រោយការប្តូរចេញរបស់ Messi នៅក្នុងវគ្គទីមួយក្នុងការប្រកួតទល់ Toronto FC ដោយប្តូរជាមួយកីឡាករ Robert Taylor  ក្រុម Inter Miami អាចរកបានគ្រាប់បាល់ ៤គ្រាប់ពីការប្រកួតដើម្បីក្រសោបបាន ៣ពិន្ទុសម្រាប់បន្តការប្រជែងឆ្លងទៅកាន់ការប្រកួតវគ្គ Play0ff នៃក្របខណ្ឌ MLS។ ៤គ្រាប់ធ្វើបានដោយកីឡាករ Facundo Farias ១គ្រាប់នៅនាទី ៤៥+៣ កីឡាករខ្សែប្រយុទ្ធ Robert Taylor នៅនាទី៥៤ និង៨៧ ហើយកីឡាករ Benjamin Cremaschi ១គ្រាប់នៅនាទី៧៣៕
 
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com