សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី​បិទការនាំចេញសាំង និង​ប្រេង​ទៅ​ក្រៅប្រទេស
22, Sep 2023 , 12:05 pm        
រូបភាព
រូបភាព Reuters ។
រូបភាព Reuters ។
កង្វះខាតប្រេងឥន្ធនៈនាពេលថ្មីៗនេះ បានបង្ខំឱ្យរុស្ស៊ីហាមឃាត់ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតទៅក្រៅប្រទេស ដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក។

 
នៅថ្ងៃទី ២១ ខែកញ្ញា រដ្ឋាភិបាលរុស្ស៊ីបានចេញបម្រាមបណ្តោះអាសន្នលើការលក់សាំង និងប្រេងម៉ាស៊ូតដល់ប្រទេសទាំងអស់ លើកលែងតែប្រទេសចំនួនបួននៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីរួមមានបេឡារុស្ស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន។ ការហាមប្រាមនេះបានចូលជាធរមានភ្លាមៗ ក្នុងគោលបំណងធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព។
 
បើតាមសេចក្តីប្រកាសខាងលើ ការហាមឃាត់បណ្តោះអាសន្ននឹងជួយធ្វើឱ្យទីផ្សារឥន្ធនៈមានភាពនឹងនរ ដែលអាចជួយកាត់បន្ថយតម្លៃអ្នកប្រើប្រាស់។ ក្រសួង​ថាមពល​រុស្ស៊ី​​បាន​បញ្ជាក់​ដែរ​ថា វិធានការ​នេះ​នឹង​ការពារ​ការ​នាំ​ចេញ​ប្រេង​ម៉ូតូ​ដោយ​ខុស​ច្បាប់។
 
ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ រុស្ស៊ី​ខ្វះខាត​ប្រេងសាំង និង​ម៉ាស៊ូត។ នេះបានប៉ះពាល់ដល់តំបន់ដាំដុះស្រូវសាលីជាច្រើនរបស់រុស្ស៊ី ដោយសារតែតម្រូវការប្រេងឥន្ធនខ្ពស់ក្នុងអំឡុងពេលប្រមូលផល។
 
តម្លៃ​ប្រេង​លក់ដុំ​នៅ​រុស្ស៊ី​នាពេល​ថ្មីៗ​នេះ​បាន​ឡើង​ថ្លៃ​ ហើយ​ទើបតែ​ចាប់ផ្តើម​ចុះ​ថោកមកវិញ​ក្នុង​សប្តាហ៍​នេះ​។ រដ្ឋាភិបាលរុស្ស៊ីកំពុងពិចារណាជម្រើសពីរដើម្បីធ្វើស្ថិរភាពតម្លៃប្រេងឥន្ធនៈ។ នោះ​គឺ​ការ​ហាមប្រាម​ការ​នាំ​ចេញ​ទាំងស្រុង​ក្នុង​រយៈពេល​មួយ​ដើម្បី​រក្សា​ស្ថិរភាព​ប្រទេស ឬ​ដំឡើង​ពន្ធ​នាំ​ចេញ​ដល់​២៥០​ដុល្លារ​ក្នុង​មួយ​តោន ។ នេះបើតាមសារព័ត៌មា​ TASS ។ 
 
កន្លងមក ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បាននិយាយថា ការកើនឡើងនៃតម្លៃលក់ដុំគឺដោយសារតែការកើនឡើងនៃតម្លៃផលិតផលប្រេងនៅលើទីផ្សារអន្តរជាតិ។ ហេតុផលមួយទៀតគឺប្រាក់រូប្លិ៍ធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
 
ទន្ទឹមនេះ ពាណិជ្ជករនិយាយថាទីផ្សារឥន្ធនៈរុស្ស៊ី កំពុងរងផលប៉ះពាល់ដោយរយៈពេលថែទាំនៅរោងចក្រចម្រាញ់ ការរំខានលើខ្សែផ្លូវដែក និងប្រាក់រូប្លិ៍ទន់ខ្សោយដែលជំរុញការនាំចេញ។
 
យោងតាមទិន្នន័យពីក្រុមហ៊ុនទិន្នន័យហិរញ្ញវត្ថុ LSEG ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែកញ្ញា ការនាំចេញប្រេងសាំង និងម៉ាស៊ូតរបស់រុស្ស៊ីតាមសមុទ្របានធ្លាក់ចុះជិត ៣០ភាគរយមាន ១,៨៧លានតោន។ កាលពីឆ្នាំមុនរុស្ស៊ីបាននាំចេញប្រេងសាំងសរុបចំនួន ៤,៨២លានតោន និងប្រេងម៉ាស៊ូតជិត ៣៥លានតោន។
 
ប្រទេសនេះក៏បានរឹតបន្តឹងការនាំចេញប្រេងឆៅចំនួន ៣០០ពាន់បារ៉ែលក្នុងមួយថ្ងៃនៅរយៈពេលប៉ុន្មានខែកន្លងមកនេះ។ គោលនយោបាយនេះនឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៣ ក្នុងគោលបំណងរឹតបន្តឹងការផ្គត់ផ្គង់ និងគាំទ្រតម្លៃប្រេងពិភពលោក៕
 

Tag:
 រុស្ស៊ី
  ប្រេង
  សាំង
© រក្សាសិទ្ធិដោយ thmeythmey.com