កីឡាអន្តរជាតិ
អន្តរជាតិ
UEL៖ Liverpool, West Ham ឈ្នះរៀងៗខ្លួន រីឯ Brighton ចាញ់ក្រុមមកពីក្រិក
22, Sep 2023 , 12:39 pm        
រូបភាព
ក្រុម Liverpool និង West Ham United ដែលជាក្រុមមកពីប្រទេសអង់គ្លេសយកឈ្នះការប្រកួតរៀងៗខ្លួននៅក្នុងជំនួបការប្រកួតពានរង្វាន់លំដាប់ទីពីរទ្វីបអឺរ៉ុប UEFA Europa League នារាត្រីថ្ងៃទី២១ ខែកញ្ញា។ ដោយឡែក Brighton & Hove Albion ក្រុមរបស់អង់គ្លេសមួយទៀតបែរជាភ្លាត់ស្នៀតចាញ់ក្រុម AEK Athens នៅក្នុងដី។



ក្រុម Liverpool ក្នុងការប្រកួត UEL ទល់នឹងក្រុមម្ចាស់ផ្ទះ LASK ត្រូវបានក្រុមមួយនេះរកបានគ្រាប់បាល់នាំមុខមុន ហើយធ្វើឱ្យក្រុមជើងខ្លាំងមកពីអង់គ្លេសមានកំណត់ត្រាត្រូវបានគេស៊ុតនាំមុខមុន ៤ប្រកួតពីចំណោម ៥ប្រកួតចុងក្រោយនៃរដូវកាលថ្មីនេះ។ 
 
តែយ៉ាងណាក្រុមដែលមានលោក Jurgen Klopp ដឹកនាំមួយនេះក៏បានវាយបកលើក្រុមម្ចាស់វិញរហូតអាចឈ្នះការប្រកួតដោយលទ្ធផល ៣-១ នៃជំនួបពូល E។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានក្លាយជាគ្រូបង្វឹកដំបូងគេបង្អស់ដែលឈ្នះការប្រកួតពានរង្វាន់អឺរ៉ុប ៥០លើក ជាមួយ Liverpool។
  


ក្រឡែកទៅកាន់ West Ham United ម្ចាស់ជើងឯក UEFA Conference League រដូវកាលមុន ក៏ចាប់ផ្តើមរដូវកាលថ្មីក្នុងពានរង្វាន់ UEL បានយ៉ាងល្អ។ ការប្រកួតក្នុងពូល A នោះក្រុមរហស្សនាមញញ្ញូយក្សក៏ត្រូវបានក្រុមភ្ញៀវ TSC Backa Topola បើកការនាំមុខមុន ប៉ុន្តែក្រុមស្ថិតក្រោមការដឹកនាំរបស់លោក David Moyes ក៏អាចវាយបកឡើងវិញរហូតយកឈ្នះដោយលទ្ធផល ៣-១។
 
ដោយឡែក Brighton & Hove Albion ដែលទើបបង្ហាញខ្លួនលើកដំបូងនៅក្នុងក្របខណ្ឌ Europa League ហាក់ធ្វើមិនសូវបានល្អឡើយ ដោយការប្រកួតក្នុងទឹកដីត្រូវបានក្រុម AEK Athens បំបាក់ពួកគេដោយលទ្ធផល ៣-២។ មុនពេលការប្រកួត UEL ក្រុម Brighton បានយកឈ្នះលើក្រុមជើងខ្លាំងដែលលេងនៅ UCL ក្រុម Manchester United លទ្ធផល ៣-១។
 
មិនខុសពីក្រុម Brighton & Hove Albion ក្រុម Aston Villa ដែលទើបវិលត្រលប់ទៅកាន់ពានរង្វាន់អឺរ៉ុបឡើងវិញបន្ទាប់ពីខកខានរយៈពេល ១២ឆ្នាំ ក៏ចាប់ផ្តើមការប្រកួតនៅក្នុងក្របខណ្ឌលំដាប់ទី៣​ អឺរ៉ុប ​Europa Conference League ដោយចាញ់ក្រោមថ្វីជើងក្រុម Legia Warszawa មកពីប៉ូឡូញដោយលទ្ធផល ៣-២៕


 

Tag:
 UEFA Europa League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com