ជាតិ
សង្គមជាតិ
សមត្ថកិច្ចភ្នំពេញ បកស្រាយថា ការឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ព្រោះសង្ស័យជួញដូរកម្លាំងពលកម្មកុមារ
22, Sep 2023 , 4:59 pm        
រូបភាព
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៩កញ្ញា ២០២៣។ រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៩កញ្ញា ២០២៣។ រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ ចេញមុខបកស្រាយករណីឃាត់ខ្លួន អ្នកលក់ផ្លែត្របែក ផ្លែពុទ្រា អ្នកសុំទាន ជនពិការ កុមារ តាមចំណុចភ្លើងស្តុប ដោយសារសមត្ថកិច្ចសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធនឹងការជួញដូរកម្លាំងពលកម្ម។

 
ស្នងការដ្ឋានរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីរិះគន់ពីការឃាត់ខ្លួនអ្នកលក់ផ្លែឈើតាមដងផ្លូវ នៅខណ្ឌសែនសុខ។ សមត្ថកិច្ចអះអាងថា មន្ត្រីជំនាញបានចុះឃាត់ខ្លួន អ្នកលក់ផ្លែត្របែក ផ្លែពុទ្រា អ្នកសុំទាន ជនពិការ កុមារ និងអ្នកពាក់ព័ន្ធទាំងអស់បាន១៤នាក់ នៅចំណុចភ្លើងស្តុបណូគា និងស្តុបណតប្រ៊ីដ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៩កញ្ញា។ 
 
ក្នុងចំណោម១៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន គឺមាន១១នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។ 
 
ចំណែក បុគ្គល៣រូបទៀត ដែលក្នុងនោះមានស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចសង្ស័យថា ជាប់ពាក់ព័ន្ធនឹងករណីញុះញង់ និងជួញដូរកម្លាំងពលកម្មលើកុមារ និងជនពិការ។ ហេតុនេះ ទើបសមត្ថកិច្ច សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់ រួមទាំងឃាត់ខ្លួនពួកគេណ្ដោះអាសន្ន ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការ បន្តអនុវត្តនីតិវិធី។ ស្នងការដ្ឋានរាជធានីភ្នំពេញពន្យល់បែបនេះ។ 
 
លុះដល់នៅថ្ងៃទី២១ សមត្ថកិច្ចបញ្ជូនជនសង្ស័យទាំង៣នាក់ទៅដល់តុលាការ ដើម្បីបើកការសាកសួរ ហើយតុលាការក៏សម្រេចដោះលែងពួកគេវិញ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com