កីឡាអន្តរជាតិ
អន្តរជាតិ
Messi ថាក្លិប PSG មិនដែលសាទរចំពោះការឈ្នះ World Cup របស់ខ្លួនជាមួយអាហ្សង់ទីន
× Lionel Messi នាថ្ងៃទី២១ ខែកញ្ញា សារភាពថាក្លិប Paris Saint Germain មិនដែលសារទរចំពោះការឈ្នះជើងឯកកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022 របស់ខ្លួនឡើយ ខណៈដែលមិត្តរួមក្រុមអាហ្សង់ទីនរបស់គេដទៃទៀតត្រូវបានក្លិបពួកគេរៀងៗខ្លួនផ្តល់កិត្តិយសយ៉ាងសមរម្យ។
នៅការប្រកួតផ្តាច់ព្រ័ត្រដែលអាហ្សង់ទីនបានយកឈ្នះលើបារាំងដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ ក្រោយការប្រកួតស្មើលទ្ធផល ៣-៣ ខ្សែប្រយុទ្ធ Lionel Messi ជាអ្នកចូលរួមចំណែកស៊ុត ២គ្រាប់ក្នុងការប្រកួតនោះ។ អាហ្សង់ទីនឈ្នះពានរង្វាន់ World Cup លើកទីបីក្នុងប្រវត្តិសាស្ត្រ។
រំលឹកអំពីការវិលត្រលប់ទៅកាន់ PSG ក្រោយឈ្នះជើងឯករួចមក Messi ប្រាប់ទៅកាន់ពិធីករលោក Migue Granados នៃកម្មវិធីរបស់ទូរទស្សន៍ ESPN ថា គេមិនទទួលបានការផ្តល់កិត្តិយសការសាទរចំពោះការឈ្នះពានពិភពលោករបស់គេជាមួយអាហ្សង់ទីនឡើយ។
«ខ្ញុំជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង ២៥ ដែលមិនទទួលបានការផ្តល់កិត្តិយសពីសំណាក់ក្លិប។ វាជារឿងដែលអាចយល់បាន […] ព្រោះតែយើងគឺជាអាហ្សង់ទីន ហើយពួកគេគឺបារាំងដែលមិនអាចការពារតំណែងពានរង្វាន់ World Cup បាន។»។ Messi បាននិយាយក្នុងកិច្ចសម្ភាសបែបនេះ។
Messi ចាកចេញពី PSG កាលពីខែមិថុនា ក្រោយផុតកិច្ចសន្យា ហើយខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បានអះអាងថារូបគេពិបាកក្នុងការចាប់យកប្រព័ន្ធលេងនៅក្រុម Paris Saint Germain ក៏ដូចជាការសម្របខ្លួននៅជាមួយនឹងក្រុមស្ថិតក្នុងទីក្រុងប៉ារីសមួយនេះ។
នៅពេលត្រូវបានលោក Granados សាកសួរអំពីបំណងដែលផ្លាស់ទៅកាន់ក្រុម PSG ខ្សែប្រយុទ្ធម្ចាស់ Ballon d’Or ៧សម័យ បាននិយាយថាក្លិប PSG មិនមែនជាក្លិបដែលរូបគេបានរំពឹងនឹងផ្ទេរទៅនោះឡើយ ប៉ុន្តែការឈ្នះពានពិភពលោកក៏កើតចេញពីការចូលរួមក្លិបស្ថិតក្នុងប្រទេសបារាំងមួយនេះដែរ។
ទោះយ៉ាងណាក្រោយចាកចេញពី PSG ហើយប្រកបអាជីបនៅក្លិបថ្មីក្នុងប្រទេសអាម៉េរិច Inter Miami ខ្សែប្រយុទ្ធអាហ្សង់ទីនបញ្ជាក់ថារូបគេពេញចិត្តខ្លាំងសម្រាប់ជីវិតរបស់គេពេលនេះ។ Messi និយាយដូច្នេះថា ៖ « ខ្ញុំស្រលាញ់អ្វីដែលខ្ញុំបានធ្វើពេលនេះ ខ្ញុំរីករាយក្នុងការលេង ហើយពេលនេះគឺវាខុសប្លែកពីមុន។ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តមកកាន់ Miami ហើយនឹងមិនបន្តអាជីពនៅកន្លែងណាទៀតឡើយ អ្នកកំពុងតែទទួលបានបទពិសោធន៍ថ្មីមួយ។»។
Messi ដែលកំពុងមានកិច្ចសន្យាជាមួយនឹងក្រុម Inter Miami រហូតដល់ខែធ្នូឆ្នាំ ២០២៥ ក៏បាននិយាយថាគេគ្មានគម្រោងសម្រាប់ការចូលនិវត្តន៍ពីបាល់ទាត់ឡើយ ឬការវិលត្រលប់ទៅលេងឱ្យក្លិបកាលពីវ័យកុមាររបស់គេ Newell’s Old Boys មុនការចូលនិវត្តន៍ក៏ដោយ៕
Tag:
Lionel Messi
Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com