កីឡាអន្តរជាតិ
អន្តរជាតិ
លោក Levy ប្រធានក្លិប Spurs នឹងលក់ភាគហ៊ុនខ្លួនក្នុងក្លិប បើមានអ្នកចាប់អារម្មណ៍​
22, Sep 2023 , 7:39 pm        
រូបភាព
លោក Deniel Levy ប្រធានក្លិប ​Tottenham Hotspur ថ្ងៃទី២១ ខែកញ្ញា បាននិយាយថាលោកនឹកបើកចំហ ដើម្បីលក់ភាគហ៊ុនលោកដែលមាននៅក្នុងក្លិប ប្រសិបបើមានការចាប់អារម្មណ៍ដ៏ល្អណាមួយដែលជួយដល់ផលប្រយោជន៍របស់ក្លិប។



លោក Levy បានកាន់កាប់តំណែងជាប្រធានរបស់ក្លិបរហស្សនាមមានខ្នាយមាសតាំងពីឆ្នាំ ២០០១ ដោយលោកនិងក្រុមគ្រួសារបានវិនិយោគលើភាគហ៊ុនក្រុម Spurs ២៩,៨៨ភាគរយ ក្នុងក្លិប Spurs ENIC។ កាលពីរដូវកាលមុន មានអ្នកគាំទ្រមួយចំនួនបានទាមទារឱ្យលោក Levy ចុះចេញពីតំណែង ប្រធានក្លិបនេះ។
 
«ខ្ញុំគ្មានចំណាប់អារម្មណ៍ក្នុងការចាកចេញពី Tottenham ឡើយ ប៉ុន្តែខ្ញុំមានភារកិច្ចក្នុងការរក្សាឱ្យបាននូវអ្វីគ្រប់យ៉ាងដែលមនុស្សគ្រប់គ្នាចង់ផ្តល់ជូនមកកាន់ក្លិប។ វាមិនមែនអំពីខ្ញុំ តែវាគឺដើម្បីអ្វីដែលត្រឹមត្រូវសម្រាប់ក្លិប យើងមានភាគហ៊ុនចំនួន ៣០,០០០ ដែលកាន់កាប់ប្រហែល ១៣,៥ភាគរយ ហើយយើងនឹងដំណើរការក្លិបនេះឱ្យដូចទៅនឹងក្រុមហ៊ុនសាធារណៈអ៊ីចឹង។»។ លោក Levy បាននិយាយប្រាប់កាសែត Bloomberg បែបនេះ ខណៈលោកចង់លក់ហ៊ុនរបស់ខ្លួនមួយចំនួនប្រសិនមានអ្នកចង់បាន។
 
Spurs ហាក់រីកមុខមាត់ឡើងវិញសម្រាប់ដើមរដូវកាលថ្មីនេះក្រោយពេលតែងតាំងលោក Ange Postecoglou ជាគ្រូបង្វឹក។ ឆ្លងកាត់ការប្រកួត ៥លើកកន្លងមក Spurs ឈ្នះ ៤ និងស្មើ ១ ដែលបានជួយបន្ថយសម្ពាធទៅដល់លោក Levy ដែលជាប្រធានក្លិប ហើយក្រុមមិនដែលឈ្នះពានរង្វាន់អ្វីមួយរយៈពេលយូមកហើយ។
 
អ្នកគាំទ្រក្លិបបានធ្វើបាតុកម្មប្រឆាំង មុនពេលក្រុមបានប្រកួតយកឈ្នះលើក្រុម Manchester United ដោយការធ្វើបាតុកម្មប្រឆាំងនោះទៅលើការសម្រេចចិត្តដំឡើងតម្លៃសំបុត្រចូលទស្សនាការប្រកួតសម្រាប់រដូវកាល ២០២៣-២៤។
 
កាលពីដើមសប្តាហ៍នេះ លោក Levy ក៏ធ្លាប់បានចេញមុខនិយាយទៅកាន់អ្នកគាំទ្រម្តងរួចហើយថា ក្លិបបានសម្រេចចិត្តខុសដែលនាំយកគ្រូបង្វឹកធ្លាប់ឈ្នះពានមកដឹកនាំ ហើយធ្វើឱ្យក្លិបជួបបញ្ហា។ 
 
លោក Levy ដែលមានវ័យ ៦១ឆ្នាំ ក៏បានអះអាងដែរថា កាលពីមុនមានភាគីច្រើនបានបង្ហាញចំណាប់អារម្មណ៍លើក្លិប ក្រោយពេលដែលក្លិបបានប្តូរកីឡដ្ឋានថ្មីនៅក្នុងឆ្នាំ ២០១៩ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦២,៨៥០នាក់រួចមក៕
 
 

Tag:
 Daniel Levy
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com