អន្តរជាតិ
អនុប្រធានាធិបតីចិន ព្រមានកុំមើលស្រាលឆន្ទៈប្រជាជនចិនលើការយកកោះតៃវ៉ាន់មកវិញ
22, Sep 2023 , 8:59 pm        
រូបភាព
លោក Han Zheng អនុប្រធានាធិបតីចិន នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងក្រុងញូវយ៉ក អាម៉េរិក នៅថ្ងៃទី២១ ខែកញ្ញា។ រូបភាព UN
លោក Han Zheng អនុប្រធានាធិបតីចិន នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងក្រុងញូវយ៉ក អាម៉េរិក នៅថ្ងៃទី២១ ខែកញ្ញា។ រូបភាព UN
អនុប្រធានាធិបតីចិន លោក Han Zheng នៅថ្ងៃទី២១​ ខែកញ្ញា បានព្រមានបណ្តាប្រទេសមួយចំនួនកុំឱ្យមើលស្រាលពីឆន្ទៈរបស់ប្រជាជនចិនលើកោះតៃវ៉ាន។ បើតាមលោក Han ចិន នឹងបង្រួមបង្រួមដែនដីទាំងពីរប្រកបដោយសន្តិភាព។

 
នៅមហាស​ន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងថ្ងៃទី២១ ខែកញ្ញា លោក Han Zheng អនុប្រធានាធិបតីចិន បានថ្លែងពីប្រធានបទជាច្រើន ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍ ការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ ការដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសបញ្ហាកោះតៃវ៉ាន់ ដែលប្រធានបទដ៏ក្តៅរបស់ចិន។ 
 
នៅពីមុខថ្នាក់ដឹកនាំ និងតំណាងនៃបណ្តាប្រទេសផ្សេងៗ លោក Han បានលើកឡើងថា ចិនមានតែមួយគត់ ហើយតៃវ៉ាន់ជាដែនដី ដែលមិនអាចផ្តាច់ចេញពីចិនបាន។ 
 
«គ្មានប្រទេសណាមួយ គួរមើលស្រាលឆន្ទៈមុតមាំ ឆន្ទៈដ៏ខ្លាំង និងអំណាចរបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួនឡើយ»។ អនុប្រធានាធិបតីចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ចិន នឹងបន្តខិតខំលើការបង្រួបបង្រួមដែនដីទាំងពីរប្រកបដោយសន្តិភាពឱ្យបានខ្លាំងបំផុត។ 
 
ចិន បានចាត់ទុកតៃវ៉ាន់ជាដែនដីមួយរបស់ខ្លួន ហើយតែងជំរុញឱ្យអាម៉េរិក គោពគោលនយោបាយចិនតែមួយថែមទៀត។ បើទោះចិនប្តេជ្ញាបង្រួបបង្រួមដែនកោះប្រកបដោយសន្តិភាពក៏ពិតមែន ប៉ុន្តែជាញយៗ រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានប្រកាសប្រើគ្រប់មធ្យោបាយទាំងអស់ផងដែរ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ រាប់ទាំងលទ្ធភាពយោធាផង
 
បន្ថែមពីនេះ មេដឹកនាំចិន បានប្រកាសគាំទ្រប្រព័ន្ធអន្តរជាតិ ដោយមានអង្គការសហប្រជាជាតិជាស្នូល ហើយជំទាស់រាល់ការស្វះស្វែងរកអនុត្តរភាពនិយម អំណាចនយោបាយ និងគំនិតបែបសង្រ្គាមត្រជាក់ផង។ ត្រង់ចំណុចនេះ លោក Han បានប្តេជ្ញាថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងមិនស្វះស្វែងរកអនុត្តរភាពនិយមរួមទាំងការពង្រីកឥទ្ធិពលលើប្រទេសដទៃជាដាច់ខាត។ 
 
ក្នុងវេទិកាដដែល មេដឹកនាំចិនរូបនេះ ក៏បានអំពាវនាវកុំឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរផង។ បើតាមលោក Han ចិនជាសមាជិកក្រុមប្រឹក្សាសន្តិសុខតែមួយ ដែលបានសន្យា​ មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាមុន។ តាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) នៅក្នុងឆ្នាំ២០២៣ ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ៣០០គ្រាប់៕ 
 

Tag:
 ចិន
  តៃវ៉ាន់
  UN
© រក្សាសិទ្ធិដោយ thmeythmey.com