អន្តរជាតិ
លោកសេដ្ឋា៖ ថៃតាមពីក្រោយវៀតណាមទាក់ទិននឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
22, Sep 2023 , 9:59 pm        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ក្នុងពិធីជួបប្រជាជនខ្លួននៅអាម៉េរិក។ រូបភាព X_Srettha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ក្នុងពិធីជួបប្រជាជនខ្លួននៅអាម៉េរិក។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានប្តេជ្ញាតាមឱ្យទាន់វៀតណាម ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោយពីថៃស្ថិតនៅក្រោមការដឹកនាំរបស់យោធាជាច្រើនឆ្នាំ។

 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានលើកឡើងពីការពន្លឿនកំណើនសេដ្ឋកិច្ច និងការជំរុញការវិនិយោគពីបរទេស ជាពិសេសអាម៉េរិក។ 
 
តាមការយល់ឃើញរបស់លោកសេដ្ឋា ថៃ បានបរាជ័យក្នុងការតាមឱ្យទាន់វៀតណាម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោយប្រទេសខ្លួនដឹកនាំដោយយោធាជាច្រើនឆ្នាំ។ ជាការពិត វៀតណាម មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ទាំងនៅក្នុងក្របខណ្ឌអាស៊ាន និងក្រៅក្របខណ្ឌអាស៊ាន។ 
 
ជុំវីញបញ្ហានេះ លោកសេដ្ឋាបានយល់ឃើញពីភាពចាំបាច់ក្នុងការតាមឱ្យទាន់វៀតណាម ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ 
 
ក្នុងកិច្ចសម្ភាសដដែលនេះ ប្រមុខរដ្ឋាភិបាលថៃ បានបញ្ជាក់ថា គោលដៅរបស់រដ្ឋាភិបាលថ្មី គឺសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម៥ភាគរយ។ ដើម្បីអាចសម្រេចគោលដៅនេះបាន រដ្ឋាភិបាលត្រូវផ្តោតលើការពន្លឿនលើការផលិត និងការវិនិយោគពីអាម៉េរិក។
 
ទន្ទឹមនេះ លោកសេដ្ឋា បានមើលឃើញកត្តាចំនួន២ធំៗដែលជួយឱ្យមានកំណើនសេដ្ឋកិច្ច ក្នុងនោះមានដូចជាការវិនិយោគពីបរទេស និងការចំណាយរបស់រដ្ឋាភិបាល។ បើតាមមេដឹកនាំថៃរូបនេះ រដ្ឋាភិបាលចង់ឱ្យថៃមានសេដ្ឋកិច្ចល្អប្រសើរ ដើម្បីធានាថា ប្រជាជនមានលុយចាយគ្រប់គ្រាន់ និងជាចំណុចមួយដែលអាចផ្សះផ្សាភាពបែកបាក់របស់សង្គមផង។ 
 
នៅក្នុងវេទិកាមួយរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក និងសភាពាណិជ្ជកម្មអាម៉េរិក នៅថ្ងៃទី២១ ខែកញ្ញា នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា រដ្ឋាភិបាលក្រុងបាងកក​ នឹងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាម៉េរិក ស្របពេលទំនាក់ទំនងការទូតប្រទេសទាំងពីរ ឈានចូលដល់ខួប១៩០ឆ្នាំ។ 
 
នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអាម៉េរិក និងថៃ មានចំនួនលើស៦៥ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ អាម៉េរិក ជាដៃគូវិនិយោគលំដាប់ទីបីរបស់ថៃ៕ 
 

Tag:
 វៀតណាម
  ថៃ
  អាម៉េរិក
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com