អន្តរជាតិ
ថៃ និងម៉ាឡេស៊ី ឯកភាពពង្រឹងទំនាក់ទំនងលើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
22, Sep 2023 , 6:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក សេដ្ឋា ថាវីស៊ីន (ឆ្វេង) ចាប់ដៃជាមួយសមភាគីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព Bernama
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក សេដ្ឋា ថាវីស៊ីន (ឆ្វេង) ចាប់ដៃជាមួយសមភាគីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព Bernama
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី២១ ខែកញ្ញា បានជួបជាមួយសមភាគីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឯកភាពពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍។ បន្ថែមពីនេះ ភាគីទាំងពីរ បានដោះស្រាយបញ្ហានៅតំបន់ព្រំដែនថៃភាគខាងត្បូងផង។

 
នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងថ្ងៃទី២១ ខែកញ្ញា នាយករដ្ឋមន្រ្តី លោក សេដ្ឋា ថាវីស៊ីន បានជួបជាមួយសមភាគីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។
 
តាមរយៈសេចក្តីថ្លែងការណ៍មួយ លោក Chai Watcharong អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់ថា ថៃ និងម៉ាឡេស៊ី បានឯកភាពថា គណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការ គួរតែរៀបចំក្នុងពេលឆាប់ៗ ដើម្បីលើកតម្កើងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ 
 
«លោកសេដ្ឋា ក៏បានបង្ហាញពីសុទិដ្ឋិនិយមលើអនាគតនៃទំនាក់ទំនងរវាងថៃ និងម៉ាឡេស៊ី។ គាត់បានប្តេជ្ញា ធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយម៉ាឡេស៊ី ក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើស្ថិរភាព និងវិបុលភាព»។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបន្តបែបនេះ។​
 
មិនតែប៉ុណ្ណោះ លោក សេដ្ឋា ក៏បានទទួលសំណើលោកអាន់វ៉ា ក្នុងការបំពេញទស្សនកិច្ចនៅម៉ាឡេស៊ីផង ហើយភាគីទាំងពីរ បានសន្យារួមគ្នា ដើម្បីលើកតម្កើងវិស័យទេសចរណ៍។ ក្នុងឆ្នាំ២០២៣នេះ អ្នកដំណើរមកពីម៉ាឡេស៊ីប្រមាណ ៣លាននាក់ បានទៅធ្វើដំណើរកម្សាន្តនៅថៃ។ 
 
តាមសំណេរលើបណ្តាញសង្គម លោកអាន់វ៉ា បានចាត់ទុកជំនួបនេះ ជាឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាស្វែងរកវិស័យថ្មីៗ ក្នុងការរឹតចំណងទំនាក់ទំនងប្រទេសទាំងពីរ។ 
 
ក្រៅពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ មេដឹកនាំប្រទេសទាំងពីរ ក៏បានពិភាក្សាពីបញ្ហាសន្តិសុខនៅតំបន់ព្រំដែនថៃភាគខាងត្បូងផង ក៏ដូចជាដំណើរការសន្តិភាព នៅក្នុងជំនួបប្រមាណ ៣០នាទីផង។
 

Tag:
 ថៃ
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com