កីឡាជាតិ
ជាតិ
CPL៖ តើព្រះខ័នរាជ ស្វាយរៀង អាចបន្ដឈ្នះទៀតទេ ខណៈ ត្រូវជួបវិសាខា នៅសប្ដាហ៍ទី៦?
23, Sep 2023 , 10:30 am        
រូបភាព
ការប្រកួតរវាងព្រះខ័នរាជ_ ស្វាយរៀង និងវិសាខា នារដូវកាល២០២២ រូបពី Cambodian Premier League
ការប្រកួតរវាងព្រះខ័នរាជ_ ស្វាយរៀង និងវិសាខា នារដូវកាល២០២២ រូបពី Cambodian Premier League
ព្រះខ័នរាជ ស្វាយរៀង បានឈ្នះ ៥ប្រកួតជាប់គ្នា នៅក្នុងការប្រកួតពានរង្វាន់ Cambodian Premier League ចំណែក វិសាខា ឈ្នះ ៣ និង ចាញ់២។ ដោយឡែក នៅសប្ដាហ៍ទី៦ នាថ្ងៃទី២៤ ខែកញ្ញា វិសាខា ត្រូវស្វាគមន៍ ព្រះខ័ន្ធរាជស្វាយរៀង នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦ ល្ងាច។ តើព្រះខ័នរាជស្វាយរៀង អាចរក្សាការឈ្នះក្នុងលីគទៀតទេ ព្រោះ ៤ប្រកួតក្នុងលីគ នារដូវកាលមុន មិនធ្លាប់ឈ្នះវិសាខាសោះ?



៤ ប្រកួតជាមួយ វិសាខា នៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា នារដូវកាល២០២២ ព្រះខ័នរាជ ស្វាយរៀង មិនធ្លាប់ឈ្នះសោះ ដោយបានត្រឹមតែស្មើ ១ប្រកួត លទ្ធផល ១-១ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ ដោយឡែក ជ័យជម្នះនីមួយៗ ក្រុមវិសាខា ឈ្នះ យ៉ាងលំបាក ដោយឈ្នះ ៣ប្រកួតផ្សេងទៀតនោះ ត្រឹមលទ្ធផល ១-០ ដូចគ្នា។
 
តើវិសាខា អាចឲ្យក្រុម ដែលមានទីតាំងនៅស្វាយរៀងនោះ ស្គាល់បរាជ័យលើកដំបូងក្នុងលីគកំពូលរដូវកាលនេះ បានដែរឬទេ?
 
ក្នុងសប្ដាហ៍ទី ៦ នៃពានរង្វាន់ Cambodian Premier League នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ អង្គរថាយហ្គឺរ ត្រូវស្វាគមន៍ ព្រៃវែង នៅកីឡដ្ឋាន Hanuman ម៉ោង ៣:៤៥ រសៀល។ ក្នុងថ្ងៃជាមួយគ្នានោះ បឹងកេត ត្រូវទទួល កងយោធពលខេមរភូមិន្ទ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០ ល្ងាច។
 
លុះចូលដល់ថ្ងៃទី២៤ ខែកញ្ញា ទន្ទឹមពេលគ្នាជាមួយការប្រកួត វិសាខា និងព្រះខ័នរាជ ស្វាយរៀង នៅកីឡដ្ឋានព្រីនស៍ ណាហ្គាវើលដ៍ ត្រូវប៉ះជាមួយ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។
 
ចំណែកភ្នំពេញក្រោន ក្រុមការពារដំណែងជើងឯក បន្ទាប់មានភារៈកិច្ច AFC Cup ការប្រកួតក្នុងលីគ ត្រូវលើកមកថ្ងៃទី២៥ ខែកញ្ញា ដោយត្រូវស្វាគមន៍ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន Smart RSN។
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី៥ ព្រះខ័នរាជ ស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) មាន១៥ ពិន្ទុ និងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន មាន១២ ពិន្ទុ តាមពីក្រោយដោយ បឹងកេត ចំណាត់ថ្នាក់លេខ៣  មាន១០ពិន្ទុ។ ចំណែក វិសាខា ឈរនៅចំណាត់ថ្នាក់លេខ៤ មាន ៩ ពិន្ទុ។ លេខ ៥ ក្លិបកងយោធពលខេមរភូមិន្ទ មាន ៧ពិន្ទុ ស្មើគ្នាជាមួយ ព្រៃវែង ចំណាត់ថ្នាក់លេខ៦។ រីឯ ណាហ្គាវើលដ៍ លេខ៧ និង អាយ អេស អាយ ដង្កោសែនជ័យ លេខ៨ មាន៤ពិន្ទុ ដូចគ្នា។ អង្គរថាយហ្គឺរ ឈរចំណាត់ថ្នាក់លេខ៩ មាន ៣ពិន្ទុ ហើយគិរីវង់សុខសែនជ័យ ១ ពិន្ទុ នៅបាតតារាង៕

Tag:
 (បាល់ទាត់
  Cambodian Premier League)
© រក្សាសិទ្ធិដោយ thmeythmey.com