ជាតិ
ប្រាសាទបាយ័ន និងបន្ទាយស្រី ក៏ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករួចមកហើយ
12, Oct 2023 , 8:19 pm        
រូបភាព
ក្រោយពី រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី៤៥ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ សាធារណជនមួយចំនួន បានយល់ច្រឡំថា ប្រាសាទបាយ័នក្នុងក្រុងអង្គរធំ និងប្រាសាទបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី មិនទាន់ចុះបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក។ ការបង្ហាញអារម្មណ៍ដូច្នេះលើបណ្ដាញសង្គម គឺមកពីពួកគេមិនបានដឹង ថាសំណង់ប្រាសាទដ៏អស្ចារ្យរបស់កម្ពុជាទាំង២នេះ សុទ្ធតែស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ។

 
 
អ្វីជា រមណីយដ្ឋានអង្គរ? រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ រមណីយដ្ឋានអង្គរ មានផ្ទៃដី ៤០១គីឡូម៉ែត្រក្រឡា ដែលត្រូវបានការពារដាច់ខាត។ រមណីយដ្ឋានអង្គរ ត្រូវបានចែកជាតំបន់ធំៗ ដូចជា អតីតរាជធានីហរិហរាល័យ​ អតីតរាជធានីយសោធរ តំបន់ប្រាសាទបន្ទាយស្រី និងតំបន់ប្រាសាទភ្នំក្រោម។ ដូច្នេះ ប្រាសាទ វាំង បន្ទាយ ឡបុរាណ បារាយណ៍ តំនប់ទឹក និងវត្ថុបុរាណ សុទ្ធតែស្ថិតក្នុងរមណីយដ្ឋានអង្គរ ដែលបានចុះក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ 



ចំណុចព្រំសីមាតំបន់ការពារឧទ្យានអង្គរ ត្រូវបានចែកចេញ ៤តំបន់។ តំបន់ការពារទី១៖ រមណីយដ្ឋាន មានប្រាសាទ។ តំបន់ការពារទី២៖ ឧទ្យានបុរាណវត្ថុ ត្រូវការពារ។ តំបន់ការពារទី៣៖ តំបន់ទេសភាពវប្បធម៌ ត្រូវការពារ។ តំបន់ការពារទី៤៖ តំបន់មានសារៈសំខាន់ខាងបុរាណវិទ្យា នរវិទ្យា ឬប្រវត្តិសាស្រ្ត។ 
 
សម្បត្តិវប្បធម៌ទាំង១៣របស់​កម្ពុជាក្នុងក្នុង​បញ្ជី​យូណេស្កូ
 
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំង១៣ ដែលបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ ត្រូវបានបែងចែកជា៣ផ្នែកធំៗ គឺចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងបញ្ជីស្មារតីចងចាំនៃពិភពលោក។
 
បញ្ជីបេតិកភណ្ឌពិភពលោក៖ ទី១ រមណីយដ្ឋានអង្គរ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ ទី២ តំបន់ប្រាសាទព្រះវិហារ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ទី៣ តំបន់ប្រាសាទសំបូរព្រៃគុក ចុះថ្ងៃទី៨កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ ទី៤ តំបន់ប្រាសាទកោះកេរ នៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
 
បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖ ទី១ របាំព្រះរាជទ្រព្យ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី។ ២ ល្ខោនស្រមោលស្បែកធំ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទៅក្រុងប៉ារីស ប្រទេសបារាំង។ ៣ ល្បែងទាញព្រ័ត្រ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។ ៤ ចាប៉ីដងវែង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុងអេតឌីសអាបាបា ប្រទេសអេត្យូពី។ ៥ ល្ខោនខោល ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរីស។ ៦ គុនល្បុក្កតោ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រក្រម៉ារ៉ុក។
 
បញ្ជីស្មារតីចងចាំនៃពិភពលោក៖ ១ បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស។ ២ ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តខ្វាងចូវ ប្រទេសចិន។ ៣ រឿងអ៊ីណាវបុស្បា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
 
សូមជម្រាបថា កម្ពុជា ក៏កំពុងរៀបចំឯកសារត្រៀម ដើម្បីស្នើដាក់សម្បត្តិវប្បធម៌មួយចំនួនទៀត ទៅអង្គការយូណេស្កូបន្ថែមដែរ ដូចជានំបញ្ចុក បុណ្យអុំទូក តំបន់ការពារសត្វផ្សោត ពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងជាដើម៕

Tag:
 រមណីយដ្ឋានអង្គរ
  ប្រាសាទបាយ័ន
  ប្រាសាទបន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com