ជាតិ
សេដ្ឋកិច្ច
អាម៉េរិក សម្រេចផ្តល់ជំនួយ១៨លានដុល្លារ ឱ្យកម្ពុជា ឡើងវិញ
23, Sep 2023 , 7:40 pm        
រូបភាព
លោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាម៉េរិក ចាប់ដៃជាមួយសម្តេច ហ៊ុន ម៉ាណែត ក្នុងជំនួបការងារ_ នៅទីក្រុងញ៉ូយ៉ក នាថ្ងៃទី២២កញ្ញា។ រូបថត៖ PM
លោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាម៉េរិក ចាប់ដៃជាមួយសម្តេច ហ៊ុន ម៉ាណែត ក្នុងជំនួបការងារ_ នៅទីក្រុងញ៉ូយ៉ក នាថ្ងៃទី២២កញ្ញា។ រូបថត៖ PM
ជំនួយ១៨លានដុល្លារ ដែលសហរដ្ឋអាម៉េរិក បានផ្អាកក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧កន្លងមក នឹងត្រូវផ្តល់ឱ្យកម្ពុជាឡើងវិញ តាមរយៈទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពី លទ្ធផលនៃជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  ជាមួយ លោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាម៉េរិក នៅថ្ងៃទី២២កញ្ញា។

 
 
នៅចំពោះមុខសម្តេច​ ហ៊ុន ម៉ាណែត, លោកស្រី វ៉ិចតូរីយ៉ា នូលែន បានសាទរចំពោះការជ្រើសតាំង សម្តេច ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នីតិកាលទី៧ នៃរដ្ឋសភា។ លោកស្រីបានបញ្ជាក់ថា៖ «សហរដ្ឋអាម៉េរិកស្វាគមន៍ឱកាស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធ ជាមួយសម្តេច[ហ៊ុន ម៉ាណែត] និងចង់ឃើញសម្តេច ក៏ដូចប្រទេសកម្ពុជាទាំងមូលទទួលបានជោគជ័យ»។ 
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បន្តរៀបរាប់ថា ក្នុងជំនួបការងារនៅទីក្រុងញ៉ូយ៉ក នោះ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានប្រាប់សម្តេច អំពីសហរដ្ឋអាម៉េរិកសម្រេចផ្តល់ជូនឡើងវិញ​ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លារ ដែលបានផ្អាកក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។  លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាដោយផ្តោតសំខាន់លើការរិះរកវិធី និងមធ្យាបាយ សម្រាប់ពង្រឹងទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានដល់មួយកម្រិតទៀត ផងដែរ។
 
គួររម្លឹកថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានមួយថ្ងៃ ពោលគឺនៅថ្ងៃទី២៤កក្កដា ឆ្នាំ២០២៣​ សហរដ្ឋអាម៉េរិក បានប្រកាសភ្លាមៗពីការកាត់ផ្តាច់ផ្នែកខ្លះនៃជំនួយបរទេសមកកម្ពុជា រួមទាំងរឹតត្បិតទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលមួយចំនួន។ ការសម្រេចបែបនេះ គឺដោយសារអាម៉េរិក មើលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧របស់កម្ពុជា ធ្វើឡើងដោយមិនសេរី និងយុត្តិធម៌ ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ៕

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com