ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋខ្មែរនៅអាម៉េរិកពីការពង្រឹងគុណធម៌ក្នុងប្រព័ន្ធអប់រំ
24, Sep 2023 , 1:20 pm        
រូបភាព
ដោយ: រួបរួម
«បើមានតែសមត្ថភាព ខ្វះគុណធម៌ក៏មិនកើតដែរ យើងត្រូវតែពង្រឹងតាំងពីក្មេង»។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ទៅកាន់ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិក និងកាណាដា នាជំនួបសំណេះសំណាលនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ព្រឹកថ្ងៃទី២៤ ខែកញ្ញា [ម៉ោងនៅកម្ពុជា]។

ប្រមុខរដ្ឋាភិបាលដែលទើបឡើងកាន់តំណែងបាន៣១ថ្ងៃ អះអាងថា វិស័យអប់រំមានគោលការណ៍កំណែទម្រង់ដែលជាផែនការវែង ប៉ុន្តែអណត្តិរបស់សម្តេចគឺផ្តោតលើការពង្រឹងថ្នាក់មតេយ្យដល់ថ្នាក់ទី១២ ដោយធ្វើយ៉ាងណាឲ្យការអប់រំ មិនត្រឹមតែបង្រៀនមនុស្សឲ្យចេះអក្សរ និងមានសមត្ថភាពនោះឡើយ តែត្រូវគួបផ្សំជាមួយនឹងគុណធម៌ សីលធម៌ និងចរិយាធម៌។
 
ការស្ម័គ្រចិត្តជួយសហគមន៍ ការចេះជួយយកអសារគ្នា ការប្រឹងប្រែងផ្សេងៗតាំងពីក្មេង។ ទាំងនេះជាចំណុចមួយចំនួនដែលសម្តេច ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា យកទៅអនុវត្តតាមគ្រឹះស្ថានសិក្សា ដើម្បីទប់ស្កាត់បញ្ហាមិនប្រក្រតីក្នុងចំណោមកុមារ និងយុវជន។
 
ការអប់រំមនុស្សមាន៣កន្លែង គឺផ្ទះ សាលា និងបរិស្ថានជុំវិញ។ «ពេលពលរដ្ឋកាន់តែរវល់នៅផ្ទះលែង មានពេលអប់រំកូនចៅហើយ ខ្ញុំពីក្មេង ហ៊ានតែទូលពិតឪពុកថាគ្រូវាយ គាត់ដាក់ថែមថា កូនឯងធ្វើខុស ហើយ»។ សម្តេចបានលើកយកឧទាហរណ៍ដើម្បីបង្ហាញពីសារសំខាន់នៃតួនាទីគ្រូបង្រៀន និងសាលារៀននាសម័យបច្ចុប្បន្ន។
 
 
សម្តេច ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា គ្រួសារកម្ពុជានៅទីក្រុង ក៏មិនខុសពីនៅអាម៉េរិកនោះឡើយ ឪពុកម្តាយ អាណាព្យាបាល មានការរវល់មមាញឹកយ៉ាងខ្លាំង ហើយបរិស្ថានជុំវិញក៏ជាបញ្ហាចោទដោយសារក្មេងៗ មានលទ្ធភាពច្រើនលើការប្រើប្រាស់ទូរសព្ទដៃ និងសកម្មភាពផ្សេងៗ ដូច្នេះការដាក់កម្មវិធីអប់រំដែលមានប្រយោជន៍លើការអប់រំគុណធម៌ សីលធម៌ និងចិរយាធម៌ គឺជារឿងសំខាន់។
 
នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វិស័យអប់រំ រួមជាមួយមុខងារសាធារណៈ និងសុខាភិបាល គឺស្ថិតក្រោមការបង្កើតយន្តការដែលសម្តេចដឹកនាំដោយផ្ទាល់ ដើម្បីបញ្ជាក់ពីទម្ងន់ និងសារសំខាន់ក្នុងការជំរុញឲ្យដើរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com