អន្តរជាតិ
អាម៉េរិកខកចិត្ត ដោយនាយក​រដ្ឋមន្ត្រី​កោះសូឡូម៉ុន​​ខកខានកិច្ចប្រជុំកោះប៉ាស៊ីហ្វិកនៅសសេតវិមាន
25, Sep 2023 , 9:30 am        
រូបភាព
អាម៉េរិក បង្ហាញមានការខកចិត្តដែលនាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក​ Manasseh Sogavare ដែលនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលកោះប៉ាស៊ីហ្វិកជាមួយប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នៅសប្តាហ៍ក្រោយ។


 ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទីពីរជាមួយមេដឹកនាំប្រជុំកោះប៉ាស៊ីហ្វិក។ កិច្ចប្រជុំនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកក្នុងការបង្កើនវត្តមាននៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីប្រកួតប្រជែងជាមួយឥទ្ធិពលចិន។
 
កិច្ចប្រជុំកំពូលជាមួយមេដឹកនាំប្រជុំកោះប៉ាស៊ីហ្វិក ជាមួយ​វេទិកាមួយដែលចូលរួមដោយ​សមាជិកនៃប្រទេសចំនួន១៨ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៥ និង២៦ ខែកញ្ញាក្នុង​ទីក្រុង​វ៉ាស៊ីនតោន។

យ៉ាងណាមិញ នាយក​រដ្ឋមន្ត្រីកោះសូឡូម៉ុន​​ លោក​ Manasseh Sogavare ដែលជាប្រទេសមួយក្នុងតំបន់ប៉ាស៊ីហ្វិកនឹងមិនអាចចូលរួមកិច្ចប្រជុំនេះឡើយ។ 
 
«យើងមានការខកចិត្តដែលនាយករដ្ឋមន្ត្រី Sogavare នៃកោះសូឡូម៉ុន មិនមានគម្រោងចូលរួម»។ មន្ត្រីរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកបានលើកឡើងបែបនេះ។ បើតាមទូរទស្សន៍ ABC របស់អូស្ត្រាលី រដ្ឋមន្ត្រីការបរទេសកោះ សូឡូម៉ុន លោក Jeremiah Manele នឹងចូលរួមកិច្ចប្រជុំកំពូលជំនួសវិញ។
 
នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក​ Manasseh Sogavare នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ បានលើកសរសើរដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់ចិន ដោយលើកឡើងថាចិនមិនសូវរឹតបន្តឹង មិនទាមទារច្រើន និងស្របតាមតម្រូវការសូឡូម៉ុន។ លើសពីនេះ លោកក៏បានបន្ថែមថា ទីក្រុងប៉េកាំងគឺជាដៃគូផ្នែកហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់ខ្លួន។
 
ក្រៅតែពីលោក Sogavare នាយករដ្ឋមន្ត្រីវ៉ានូអាទូ លោក Sato Kilman ក៏នឹងមិនចូលរួមកិច្ចប្រជុំនេះដែរ​។ នេះបើតាមមន្ត្រីម្នាក់មកពីការិយាល័យរបស់លោក ដោយអះអាងថា លោក Sato Kilman និងសមាជិកសភាវ៉ានូអាទូទាំងអស់ចាំបាច់ចូលរួមកិច្ចប្រជុំសភាសម្រាប់ការបោះឆ្នោតគ្មានទំនុកចិត្ត៕
 

Tag:
 (អាម៉េរិក
  កោះសូឡូម៉ុន)
© រក្សាសិទ្ធិដោយ thmeythmey.com