អន្តរជាតិ
ហ្វីលីពីនថា ឆ្មាំឆ្នេរសមុទ្រចិនដាក់របាំងអណ្តែតទឹកនៅសមុទ្រចិនខាងត្បូង
25, Sep 2023 , 10:59 am        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
ហ្វីលីពីនបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រចិនថា បានពង្រាយរបាំងអណ្តែតទឹកនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងដែលបានរារាំងប្រជាជនហ្វីលីពីនពីការចូលនេសាទនៅក្នុងតំបន់នោះ។

 
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនលោក Jay Tarriela បានបង្ហោះពីព័ត៌មាននៃការដំឡើងរបាំងអណ្តែតទឹកនៅកោះ Scarborough Shoal នៃសមុទ្រចិនខាងត្បូង។ ទីក្រុងម៉ានីលបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ។ 
 
លោក Tarriela បានសរសេរលើបណ្ដាញសង្គម X ថា ឆ្មាំសមុទ្រហ្វីលីពីន និងបុគ្គលិកការិយាល័យជលផលបានរកឃើញរបាំងអណ្តែតទឹកដែលប៉ាន់ស្មានថាមានប្រវែង៣០០ម៉ែត្រនៅជិត Scarborough Shoal កាលពីថ្ងៃទី២២ ខែកញ្ញា។ ពួកគេក៏បានរកឃើញនាវាឆ្មាំសមុទ្រចិនចំនួន៣គ្រឿង និងកប៉ាល់សេវាកងជីវពលដែនសមុទ្រចិនកំពុងពង្រាយរបាំងអណ្តែតទឹកនៅពេលដែលនាវាហ្វីលីពីនបានទៅដល់។
 
«ការ​រដាក់របាំងនេះបានរារាំង​អ្នក​នេសាទ​ពីការនេសាទ​ ហើយវាក៏​ប៉ះពាល់ដល់ការប្រកប​របរ​ចិញ្ចឹម​ជីវិតរបស់ពួកគេផងដែរ»។ លោក Tarriela បានសរសេរបែបនេះ។ 
 
បើតាមមន្រ្តីដដែល ឆ្មាំសមុទ្រហ្វីលីពីននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងរក្សាសិទ្ធិដែនសមុទ្រ ព្រមទាំងការពារដែនសមុទ្ររបស់ខ្លួន។
 
គួរបញ្ជាក់ថា ចិនបានទាមទារ៩០ភាគរយនៃសមុទ្រចិនខាងត្បូង ដែលកន្លែងដែលទាមទារទាំងនោះត្រួតលើគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ម៉ាឡេស៊ី ព្រុយណេ ឥណ្ឌូណេស៊ី និងហ្វីលីពីន។ លើសពីនេះ ទីក្រុងប៉េកាំងក៏បានដណ្ដើមយកកោះ Scarborough Shoal ក្នុងឆ្នាំ២០១២ ហើយបានបង្ខំអ្នកនេសាទពីហ្វីលីពីនឱ្យធ្វើដំណើរទៅទីតាំងផ្សេងដើម្បីនេសាទ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com