អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ ទៅទទួលអ្នកដំណើរចិន និងកាហ្សាក់ស្ថានដោយផ្ទាល់
25, Sep 2023 , 2:59 pm        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ទៅទទួលអ្នកដំណើរជនជាតិចិន និងកាហ្សាក់ស្ថានដោយផ្ទាល់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ នៅថ្ងៃទី២៥ ខែកញ្ញា។ រូបភាព X_Srettha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ទៅទទួលអ្នកដំណើរជនជាតិចិន និងកាហ្សាក់ស្ថានដោយផ្ទាល់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ នៅថ្ងៃទី២៥ ខែកញ្ញា។ រូបភាព X_Srettha Thavisin
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា បានមកទទួលអ្នកដំណើរមកពីចិន និងកាហ្សាក់ស្ថានដោយផ្ទាល់​ ស្របពេលថៃចាប់ផ្តើមអនុវត្តការលើកលែងទិដ្ឋាការសម្រាប់ប្រទេសទាំង២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤។

 
ដើម្បីទាក់ទាញអ្នកដំណើរពីចិន និងសម្រេចឱ្យគ្រប់គោលដៅរបស់ខ្លួននៃអ្នកដំណើរមកថៃ រដ្ឋាភិបាលថៃ បានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ៣០ថ្ងៃសម្រាប់ជនជាតិចិន និងកាហ្សាក់ស្ថាន។ ថៃបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរមកប្រទេសខ្លួនឱ្យបានជិត៣០លាននាក់ នៅក្នុងឆ្នាំ២០២៣។ 
 
ការលើកលែងនេះ ត្រូវអនុវត្តពីថ្ងៃទី២៥ ខែកញ្ញា ដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤។
 
ក្នុងថ្ងៃចាប់ផ្តើមការអនុវត្តការលើកលែងទិដ្ឋាការ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានដឹកនាំមន្រ្តីរបស់ខ្លួនទៅអាកាសយានដ្ឋានសុវណ្ណភូមិដោយផ្ទាល់ នៅថ្ងៃទី២៥ ខែកញ្ញា ដើម្បីទៅទទួលអ្នកដំណើរជើងហោះហើរលេខ XJ761 របស់ក្រុមហ៊ុន Thai AirAsia X។
 
ក្នុងពិធីទទួលស្វាគមន៍នេះ ថៃបានរៀបចំពិធីផ្សេងៗផងដែរដូចជា ការរាំរបាំ ការបំពាក់កម្រងផ្កា រួមទាំងការផ្តល់អំណោយផ្សេងៗ។ 
 
ការលើកលែងទិដ្ឋាការនេះ ជាវិធានការមួយ ក្នុងចំណោមចំណាត់ការផ្សេងទៀតរបស់រដ្ឋាភិបាលថៃដែលបានដាក់ចេញ ដើម្បីកែលម្អសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាជន។ 
 
សូមបញ្ជាក់ថា ត្រឹម ៩ខែប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២៣ ថៃ បានទទួលអ្នកដំណើរពីបណ្តាប្រទេសផ្សេងៗ ប្រមាណ ១៩លាននាក់ និងបានរកចំណូលប្រមាណ ២២,២៦ពាន់លានដុល្លារ៕ 
 

Tag:
 ថៃ
  កាហ្សាក់ស្ថាន
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com