កីឡាអន្តរជាតិ
អន្តរជាតិ
Ancelotti បន្ទោសខ្សែការពារ ខណៈ Real Madrid បរាជ័យលើកដំបូងក្រោមថ្វីជើង AT-Madrid
25, Sep 2023 , 3:30 pm        
រូបភាព
លោក Carlo Ancelotti បានស្តីបន្ទោសភាពទន់ខ្សោយក្នុងតំបន់ការពាររបស់ Real Madrid ដែលបណ្តាលឱ្យក្រុមប្រកួតចាញ់  Atletico Madrid ក្នុងលទ្ធផល ៣-១ នៃជំនួប Madrid Derby ក្របខណ្ឌ La Liga នៅថ្ងៃទី២៤ ខែកញ្ញា។



អតីតខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Alvaro Morata រកបាន២គ្រាប់ជួយឱ្យ Atletico Madrid នៅនាទីទី៤ នៅក្នុងកីឡដ្ឋាន Metropolitano និងគ្រាប់ទីពីរនៅនាទី៤៦ រួមជាមួយ ខ្សែប្រយុទ្ធ Antoine Griezmann រកបាន១គ្រាប់នៅនាទី១៨។ ១គ្រាប់របស់ក្រុម Real Madrid កើតឡើងនៅនាទី៣៥ ដែលជាការធ្វើបានពីសំណាក់ខ្សែបម្រើ Tony Kroos។
 
លទ្ធផលចាញ់នេះធ្វើឱ្យ Real Madrid ធ្លាក់មកឈរចំណាត់ថ្នាក់លេខ ៣ ក្រោយឈរកំពូលតារាងបានរយៈពេល ៥សប្តាហ៍។ ក្រុមអធិរាជស មាន១៥ពិន្ទុ ពីការប្រកួត៦លើក ឈរពីក្រោមក្រុម Girona លេខ២ និងក្រុម Barcelona ក្រុមចំណាត់ថ្នាក់លេខ ១ ដែលមាន១៦ពិន្ទុដូចគ្នា។ ​Atletico Madrid មាន ១០ពិន្ទុដែលទើបតែឆ្លងកាត់ការប្រកួត ៥សប្តាហ៍ នៅចំណាត់ថ្នាក់ទី៥។
  


«បញ្ហាស្ថិតនៅលើតំបន់ការពារ នេះជាអ្វីដែលយើងមិនធ្លាប់មានតាំងតែពីការប្រកួតដំបូងមកម្ល៉េះ។ ក្នុងការប្រកួត ៥លើកមកនេះ យើងធ្វើឱ្យរបូត ៣គ្រាប់ ហើយថ្ងៃនេះយើងធ្វើឱ្យរបូត ៣បន្ថែមទៀតត្រឹមតែរយៈពេល ៤៥នាទី។ ការប្រកួតលើកនេះយើងមានភាពផុយស្រួយ ជារាត្រីមិនល្អសម្រាប់ការការពាររបស់យើងឡើយ យើងធ្វើមិនបានល្អពិតមែន។»។ លោក Ancelotti បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
Real Madrid បន្តអវត្តមានខ្សែប្រយុទ្ធវ័យក្មេង Vinicius Jr ខណៈក្រុមបានបន្តប្រើប្រាសើកីឡាករទើបឡើងជើង និងទម្រង់លេងល្អ Jude Bellingham នៅតំបន់ប្រយុទ្ធ ដោយមាន Rodrygo, Luka Modric និង Toni Kroos ជាខ្សែបម្រើ។ ចំពោះទម្រង់លេងលោក Ancelotti ថាគ្មាការប្រែប្រួអ្វីទាំងអស់។
 
ក្រោយចាញ់ការប្រកួតនេះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីក៏បានអះអាងបន្ថែមថា លោកនឹងពង្រឹងកូនក្រុមឡើងវិញ ជាពិសេសនៅតំបន់ខ្សែការពារ ព្រមទាំងដាក់ខ្សែបម្រើសំខាន់ៗចូលក្នុងការប្រកួតឡើងវិញ សម្រាប់ជំនួបទល់នឹងក្រុម Las Palmas នៅសប្តាហ៍ក្រោយ៕
 

Tag:
 Carlo Ancelotti
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com