អន្តរជាតិ
កូរ៉េខាងត្បូង និងអាម៉េរិក ធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នា
25, Sep 2023 , 4:49 pm        
រូបភាព
រូបភាព Yonhap
រូបភាព Yonhap
កូរ៉េខាងត្បូង និងអាម៉េរិក នៅថ្ងៃទី២៥ ខែកញ្ញា បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រខាងកើត ស្របពេលមានការគំរាមកំហែងពីសកម្មភាពយោធារបស់កូរ៉េខាងជើង។ សមយុទ្ធនេះ ផ្ដោតលើសង្រ្គាមនាវាមុជទឹក ការបាញ់គ្រាប់ពិត ក៏ដូចជាពង្រឹងអន្តរប្រតិបត្តិការយោធារវាងអាម៉េរិក និងកូរ៉េខាងត្បូង។

 
កូរ៉េខាងត្បូង និងអាម៉េរិក បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹក ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ នៅថ្ងៃទី២៥ ខែកញ្ញា ដោយមានការចូលរួមពីយន្តហោះល្បាត និងនាវាចំនួន៩គ្រឿង ក្នុងនោះមាននាវាពិឃាតមកពីប្រទេសទាំងពីរ រួមទាំងនាវាមុជទឹកផង។ 
 
តាមការបញ្ជាក់របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង កងទ័ពប្រទេសទាំងពីរ បានរៀបចំធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក និងសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការរវាងកម្លាំងទ័ពទាំងពីរ ស្របពេលមានការគំរាមកំហែងពីសំណាក់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
«សមយុទ្ធនេះ នឹងចាត់ទុកជាឱកាស ក្នុងការប្រឆាំង និងឆ្លើយតបនឹងការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែរ រួមទាំងពង្រឹងលើជំហរការពារ»។ ឧត្តមនាវីទោ Kim In-ho ដែលដឹកនាសមយុទ្ធខាងកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ។ 
 
សមយុទយោធាចុងក្រោយនេះ ធ្វើឡើងក្រោយពេល កូរ៉េខាងជើង បានសម្ភោធនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្រ្ត ដែលទើបសាងសង់ថ្មី នៅដើមខែកញ្ញាកន្លងមក។ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានសរសើរនាវាមុជទឹកយុទ្ធសាស្រ្តរបស់ខ្លួន ហើយថែមទាំងហៅជាកិច្ចការបន្ទាន់ ក្នុងការបំពាក់កងទ័ពជើងទឹករបស់ខ្លួនជាមួយអាវុធនុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ សមយុទ្ធនេះ ធ្វើឡើងក្រោយពេលលោកគីម បានបំពេញទស្សនកិច្ចនៅរុស្ស៊ី៕
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com