អន្តរជាតិ
កូរ៉េខាងជើងថា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីជារឿងធម្មតាសម្រាប់ប្រទេសជិតខាងគ្នា
25, Sep 2023 , 7:39 pm        
រូបភាព
ដោយ៖​ ងួនសៅ ពុទ្ធិឫទ្ធិ 
 
កូរ៉េខាងជើង នៅថ្ងៃទី២៥ ខែកញ្ញា បានឆ្លើយតបប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ចំពោះការរិះគន់លើកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។ ទីក្រុងព្យុងយ៉ាង ហៅកិច្ចសហប្រតិបត្តិការជាមួយជាមួយ ជារឿងធម្មតាសម្រាប់ប្រទេសជិតខាងក្នុងការរក្សាទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ។

 
ពីមហាសន្និបាតអង្គការសហប្រជាជាតិ លោក យូន សុកយ៉ល បានព្រមានកូរ៉េខាងជើង និងរុស្ស៊ីជុំវិញកិច្ចសហប្រតិបត្តិការដែលអាចឈានដល់ការផ្លាស់ប្ដូរអាវុធដែលនឹងជួយរុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន ឬបច្ចេកវិទ្យាយោធា។ 
 
កូរ៉េខាងជើង នៅមិនស្ងៀមឡើយចំពោះការលើកឡើងបែបនេះ។ ទីភ្នាក់ងារសារព័ត៌មាន KCNA ចុះផ្សាយរិះគន់សម្ដីលោក យូន ជាកូរ៉េខាងត្បូងបានបង្កាច់បង្ខូចកិច្ចសហប្រតិបត្តិការបស់ខ្លួនជាមួយនឹងរុស្ស៊ី ហើយក៏ថែមបានចោទប្រធានាធិបតីកូរ៉េខាងត្បូងថា កំពុងបម្រើការអាម៉េរិកថែមទៀត។
 
«វាជារឿងធម្មតាសម្រាប់ប្រទេសជិតខាងក្នុងការរក្សាទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ហើយគ្មានហេតុផលណាដែលចាត់ទុកសកម្មភាពបែបនេះជាបញ្ហនោះទេ»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរាយការណ៍បែបនេះ។
 
កន្លងមក អាម៉េរិក និងកូរ៉េខាងត្បូងព្រួយបារម្ភថា រុស្ស៊ីកំពុងតែព្យាយាមទិញគ្រាប់រំសេវពីកូរ៉េខាងជើង ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លូនសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងស្វែងរកជំនួយផ្នែកបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
 
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានហាមឃាត់រាល់សកម្មភាពទាំងអស់ដែលជួយដល់កម្មវិធីអាវុធរបស់កូរ៉េខាងជើង៕ 
 

Tag:
 កូរ៉េខាងជើង
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com