កីឡាជាតិ
ជាតិ
លោក ហែម គិរី៖ បើអត្តពលិកបំបែកកំណត់ត្រាខ្លួនឯងមិនបានផង កុំសង្ឃឹមឈ្នះមេដាយ
26, Sep 2023 , 7:59 am        
រូបភាព
អត្ដពលិកហែលទឹកកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ រូបពី NOCC
អត្ដពលិកហែលទឹកកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ រូបពី NOCC
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក រីករាយចំពោះការបំបែកថេរវេលា របស់អត្ដពលិកកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ (Asian Games 2022) នៅទីក្រុង Hangzhou ប្រទេសចិន។ អគ្គលេខាធិការរូបនេះ បន្ថែមថា ប្រសិនជាអត្ដពលិក រីកចម្រើន ទោះតិច ឬច្រើន នឹងនាំឲ្យសម្រេចជ័យលាភីនៅថ្ងៃក្រោយ ប៉ុន្ដែអ្វី ត្រូវជៀសវាងដាច់ខាត កុំឲ្យថមថយគុណផល ដែលបានសម្រេចហើយ។



នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ កីឡាករ កូសុងដឺ ឡាប៉ារង់អង់ត្វ័នម៉ាកាំក្លូឌ បានបញ្ចប់ទីលើថេរវេលា ២៦.៧៧ ខណៈកីឡាករ Xu Jaiyu របស់ចិន លេខ១ ចប់ក្នុងថេរវេលា ២៤.៩៩ លើវិញ្ញាសា ហែលផ្ញាបុរស ៥០ម៉ែត្រ។ ចំណែកកីឡាការិនីកម្ពុជា ឃឹន ច័ន្ទចរិយា បានប្រកួតលើវិញ្ញាសានារី ហែលផ្ញា ៥០ម៉ែត្រ ដោយប្រើថេរវេលា ៣២.២០ វិនាទី និងកីឡាករ មនត្រស ផានសុវណ្ណអារុន ប្រកួតលើវិញ្ញាសា ហែលសេរីបុរស ៥០ម៉ែត្រ បានសម្រេចទីក្នុងថេរវេលា ២៤.៩១ វិនាទី តាមពីក្រោយកីឡាករប៉ាឡេស្ទីន លេខ១ ក្នុងហ៊ីត២ (Hit 2) ក្នុងថេរវេលា ២៤.៨៩ វិនាទី។
 
បើទោះជាមិនទទួលបានមេដាយណាមួយក៏ដោយ ប៉ុន្ដែ លោក ហែម គិរី ចាត់ទុកថានេះ គឺជារឿងល្អ សម្រាប់កីឡាករ កីឡាការិនី ក្នុងការព្យាយាមបំបែកកំណត់ត្រាពេលវេលាប្រកួតរបស់អ្នកទាំងនោះ ព្រោះនេះ បង្ហាញពីការរីកចម្រើន និងការឈានទៅមុខម្ដងបន្ដិចៗ របស់អត្ដពលិកកីឡាហែលទឹកកម្ពុជា។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ទាំងការហ្វឹកហាត់ និងការប្រកួត ត្រូវការបំបែកថេរពេលវេលាពីមុន ប្រសិនជាមិនមានការបំបែកទេ នឹងមិនមានសង្ឃឹមក្នុងការដណ្ដើមមេដាយនៅថ្ងៃក្រោយទេ។ 
 
«ហែលទឹក គឺជាកីឡាឯកត្តកម្ម។ អ៊ីចឹងជាទូទៅ សំខាន់ គឺយើង ធ្វើឲ្យខ្លួ​នឯងលឿនជាងមុន។ នេះ បានគេហៅថារីកចម្រើន ទោះជាក្នុងកម្រិតប៉ុណ្ណាក៏ដោយ ឲ្យតែមានការរីកចម្រើន។

យើង ទៅប្រកួតកីឡាអាស៊ី យើង ឃើញហើយថា មានចិន ជប៉ុន កូរ៉េ សិង្ហបុរី ជាលំដាប់កម្រិតពិភពលោក  ក្នុងកីឡាហែលទឹក ប៉ុន្ដែអ្វី ដែលយើងផ្ដោខ្លាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កីឡាករយើង ឈានដល់កម្រិតមួយ ហៅថា ថេរវេលារបស់គឺគាត់ នៅស្មើគ្នាជាមួយកីឡាករនៅក្នុងតំបន់ ហើយក៏មិននៅឆ្ងាយគ្នាពីកីឡាករ កម្រិតអាស៊ីទេ។ នេះ គឺជាចំណុច ដែលយើង ថាជាចំណុចរីកចម្រើន របស់ពួកគាត់ និងជាក្ដីសង្ឃឹមរបស់យើង នៅថ្ងៃមុខ។ មនត្រស ផានសុវណ្ណអារុន បានហែលចុះ ពីមុនគាត់ ហែលក្នុងថេរវេលា ២៥ វិនាទី ហើយឥឡូវ គាត់ហែលត្រឹម ២៤.៩១ គឺជាម៉ោងថ្មីទៀតហើយ។ ផ្ដោតលើបច្ចេកទេសនៃកីឡាហែលទឹក នៅពេលគាត់ហែលចុះបែបនេះ យើង អាចមានក្ដីសង្ឃឹមទៅមុខ ឈានទៅរក ឈ្នះមេដាយ។»។ លោក ហែម គិរី បាននិយាយដូច្នេះ។
 
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡហែលទឹក បន្ថែមទៀត ការរីកចម្រើន ទោះជាកម្រិតណាក៏ដោយ គឺជាក្ដីសង្ឃឹម ក្នុងការប្រជែងនាថ្ងៃអនាគត ប៉ុន្ដែ អគ្គលេខាធិការរូបនេះ សង្កត់ធ្ងន់ថា ប្រសិនជាការហ្វឹកហាត់ ឬ ការប្រកួត មានការធ្លាក់ចុះ នោះមិនបានបញ្ជាក់ថា អត្ដពលិកកម្ពុជា រីកចម្រើនេះទេ។ ចំណែកក្នុងព្រឹត្តិការណ៍កីឡាអាស៊ី កីឡាករ-កីឡាការិនីកម្ពុជា ប្រើថេរៈវេលា ដោយមិនមានគម្លាត់ពីអត្ដពលិក ប្រទេសដែលបានមេដាយមាសនោះទេ៕
 

Tag:
 ហែលទឹក
  ហែល គិរី
© រក្សាសិទ្ធិដោយ thmeythmey.com