ជាតិ
សង្គមជាតិ
បុគ្គលយកពុទ្ធសាសនាទៅធ្វើអាជីវកម្ម កំប្លែងលេងសើច ធម៌រ៉ែប ទុវិជ្ជា.. ត្រូវប្រឈមមុខច្បាប់
25, Sep 2023 , 6:22 pm        
រូបភាព
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
ដោយ: រួបរួម
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតប្រឆាំងអ្នកដែលបំពានលើព្រះពុទ្ធសាសនា។ លោកបានលើកឡើងបែបនេះ ក្នុងសារាចរណែនាំមួយស្តីពីការអនុវត្តគោលការណ៍ប្រណិប័តន៍លើជំនឿ សាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ចុះថ្ងៃទី២៥ ខែកញ្ញា។



រដ្ឋមន្ត្រីធម្មការ បានលើកឡើងថា ព្រះពុទ្ធសាសនានៅកម្ពុជា រួមចំណែកយ៉ាងសំខាន់ក្នុងស្មារតីនៃការគោរពប្រណិប័តន៍ និងបណ្ដុះនូវស្មារតីសីលធម៌ និងគុណធម៌ ដែលជាគោលដៅចម្បង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

«កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គល មួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ ដែលទង្វើទាំងនោះមិនស្របទៅនឹងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន»។ ទាំងនេះជាការកត់សម្គាល់របស់ក្រសួងធម្មការ។

ពាក់ព័ន្ធបញ្ហានេះ ក្រសួងហាមដាច់ខាតការយកត្រៃយ៍ចីវរទៅស្លៀកដណ្តប់តាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានារបស់សាសនា រួមទាំងអាជីវកម្មគ្រប់រូបភាពតាមរយៈព្រះពុទ្ធសាសនា ដូចជាទេសនា បង្រៀនធម៌ ផ្សព្វផ្សាយ ប្រាសចាកធម៌វិន័យ សេចក្តីពិតនៃព្រះធម៌ មន្តអាគមឱមអាម សីលវិជ្ជាការ (ទុវិជ្ជា) ដែលជាសកម្មភាព មានលក្ខណៈបោកប្រាស់។

ហាមយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាឬវត្ថុជាទីសក្ការៈនៃសាសនា ទៅធ្វើការទាក់ទាញ បំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួន ដែលធ្វើឱ្យ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម។
ក្រសួងក៏ហាមផងដែរចំពោះការយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។ ហាមយកព្រះពុទ្ធរូបឬសញ្ញាសម្គាល់ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយពាណិជ្ជកម្មទាក់ទាញរកផលប្រយោជន៍ ឬតម្កល់ទុកក្នុងទីមិនសមគួរ ឬដាក់តម្កល់ដើម្បីលម្អទាក់ទាញ (ហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម)។

«ទទួលបានសារាចរណ៍ណែនាំនេះ មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ សហការអនុវត្តឱ្យមានប្រសិទ្ធភាព និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត»។ នេះជាការបញ្ជាក់ក្នុងសារាចរដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ចាយ បូរិន៕



© រក្សាសិទ្ធិដោយ thmeythmey.com