កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games៖ អត្តពលិកកូរ៉េ​ខាង​ជើង​ កន្តើយមិនថតរូបជាមួយកូរ៉េ​ខាង​ត្បូង​​ នៅវេទិកាបំពាក់មេដាយ
26, Sep 2023 , 10:49 am        
រូបភាព
អត្តពលិកកូរ៉េខាងជើង (ឆ្វេង) និងអត្តពលិកកូរ៉ខាងត្បូង និងឥណ្ឌូណេស៊ី អំឡុងពេលបំពាក់មេដាយកីឡាបាញ់កាំភ្លើង។ រូបភាព៖ Rappler
អត្តពលិកកូរ៉េខាងជើង (ឆ្វេង) និងអត្តពលិកកូរ៉ខាងត្បូង និងឥណ្ឌូណេស៊ី អំឡុងពេលបំពាក់មេដាយកីឡាបាញ់កាំភ្លើង។ រូបភាព៖ Rappler
កីឡាករបាញ់កាំភ្លើងកូរ៉េខាងជើង៣រូប បានបដិសេធចូលរួមថតរូបជាមួយគូប្រជែងកូរ៉េខាងត្បូងនៅលើវេទិកាបំពាក់មេដាយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី​ Asian Games លើកទី១៩ នៅចិន។ ក្រុមបុរសកូរ៉េខាងជើង ទទួលបានមេដាយប្រាក់ ក្រោយចាញ់កូរ៉េខាងត្បូងដើម្បីដណ្តើមមេដាយមាស ក្នុងការប្រកួតបាញ់កាំភ្លើងវិញ្ញាសាជាក្រុមបុរស ៣ទល់៣ នៅថ្ងៃទី២៥ ខែកញ្ញា។


បើតាមការផ្សាយរបស់សារព័ត៌មាន Rappler បន្ទាប់ពីទទួលបានមេដាយប្រាក់ក្នុងវិញ្ញាសាបាញ់កាំភ្លើងចម្ងាយ ១០ ម៉ែត្រជាក្រុមបុរស អត្តពលិកកូរ៉េខាងជើងទាំងបីនាក់ បានបង្ហាញឥរិយាបថមិនសមរម ដោយមិនងាកទៅរកទង់ជាតិ ក្នុងអំឡុងគោរពភ្លេងជាតិរបស់អ្នកឈ្នះ កូរ៉េខាងត្បូងឡើយ។
 
បន្ទាប់មក នៅពេលត្រូវថតរូបជាក្រុម ដែលអ្នកឈ្នះមេដាយទាំងអស់ត្រូវប្រមូលផ្តុំគ្នានៅចំពោះមុខកាមេរ៉ា ម្ចាស់មេដាយសំរឹទ្ធ ឥណ្ឌូណេស៊ី បានចូលរួមជាមួយកូរ៉េខាងត្បូង នៅលើវេទិកា ប៉ុន្តែអត្តពលិកកូរ៉េខាងជើងទាំង៣ ដែលរួមមាន Kwon Kwang-il, Pak Myong-won និង Songjun Yu មិនបានចូលរួមឡើយ។
 
ស្របពេលគ្នានោះដែរ មានអត្តពលិកកូរ៉េខាងត្បូងម្នាក់ ដែលជាសមាជិកឈ្នះមេដាយមាស បានយកដៃទះស្មា អត្តពលិកកូរ៉េខាងជើងម្នាក់ ហើយព្យាយាមនិយាយទៅកាន់ពួកគេ ប៉ុន្តែកីឡាករកូរ៉េខាងជើងបាននៅស្ងៀម ហើយមិនបានសូម្បីតែងាកទៅមើលមុខ អ្នកនិយាយរកពូកគេផង។
 
ឥរិយាបថរបស់កីឡាករកូរ៉េខាងជើងទាំង៣ ដែលត្រូវបានបង្ហាញនៅលើវេទិកាបំពាក់មេដាយនៅមជ្ឈមណ្ឌលកីឡា Fuyang Yinhu ជារឿងចម្រូងចម្រាសមួយក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ស្របពេលអត្តពលិករបស់ប្រទេសឯកោមួយនេះ ទើបបង្ហាញខ្លួនជាថ្មី ក្នុងកីឡាអន្តរជាតិ ក្រោយអាក់ខានប៉ុន្មានឆ្នាំចុងក្រោយ។
 
ព្រឹត្តិការណ៍កីឡាអាស៊ី ក្នុងក្រុងហាងចូវ ប្រទេសចិន ជាព្រឹត្តិការណ៍កីឡាពហុកីឡាអន្តរជាតិដំបូងបង្អស់ដែលកូរ៉េខាងជើងបានចូលរួម និងបង្ហាញទង់ជាតិរបស់ពួកគេលើឆាកអន្តរជាតិ ចាប់តាំងពី​កីឡាអាស៊ី ឆ្នាំ២០១៨ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
 
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានព្យួរអត្តពលិកកូរ៉េខាងជើង រហូតដល់ដំណាច់ឆ្នាំ ២០២២ ដោយត្រូវខកខានចូលរួមការប្រកួតរដូវរងានៅទីក្រុងប៉េកាំងកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសនេះ មិនបានបញ្ជូនអត្តពលិកទៅប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូ។
 
កូរ៉េខាងជើង និងខាងត្បូង មានបញ្ហានយោបាយ និងមើលមុខគ្នាមិនចំរហូតសព្វថ្ងៃ ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ បានបញ្ចប់ ដោយមានបទឈប់បាញ់ជាសន្ធិសញ្ញាសន្តិភាព។ យ៉ាងណាក៏ដោយ បងប្អូនកូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមបច្ចេកទេស។

គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា​ ពោលក្រោយប្រកួតផ្លូវការ៣ថ្ងៃ ម្ចាស់ផ្ទះចិន ឈរកំពូលតារាងមេដាយច្រើនដាច់គេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដោយរកបានមេដាយសរុប៦៩ ក្នុងនោះមេដាយមាស៣៩ ប្រាក់២១ និងសំរឹទ្ធ៩ តាមពីក្រោយដោយកូរ៉េខាងត្បូង ដែលរកបានបានមេដាយបណ្តោះអាសន្ន៣៣ ក្នុងនោះមាស ១០ ប្រាក់១០ និងសំរឹទ្ធ១៣។ ជប៉ុន នៅលេខរៀងទី៣ ដោយរកបានមេដាយ៣១ ក្នុងនោះ មាស៥ ប្រាក់១៤ និងសំរឹទ្ធ១២៕
 

Tag:
 កីឡាអាស៊ី
  Asian Games
  កូរ៉េខាងជើង-ត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com