តើកម្ពុជាមានតួនាទីដូចម៉េ្តចក្នុងបរិបទអាស៊ាន និងសេដ្ឋកិច្ចពិភពលោក ក្រោយពីកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានលើកទី៤៣ និងទទួលបានជោគជ័យក្នុងការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២? ចម្លើយ នឹងមាននៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នាថ្ងៃទី២៨-២៩កញ្ញា ឆ្នាំ២០២៣។
សភាពាណិជ្ជកម្មអឺរ៉ុបនៅម្ពុជា (Eurocham Cambodia) នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឡើង ដើម្បីស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនៃសមាហរណកម្មសេដ្ឋកិច្ចបន្ថែមទៀត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចេញផ្សាយពីសៀវភៅ«ស»ឆ្នាំ២០២៤ ដែលជាបញ្ជីនៃគោលនយោបាយរបស់រដ្ឋាភិបាល គ្របដណ្តប់លើវិស័យចំនួន១២ ដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅម្ពុជា កិច្ចប្រជុំកំពូលនេះ គឺជាការបូកសរុបនៃការងារជាច្រើនខែកន្លងមក នៃការជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ ពាណិជ្ជកម្ម និងធ្វើឱ្យបរិយាកាសធុរកិច្ចអំណោយផលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ពីព្រោះ កិច្ចប្រជុំកំពូលនេះ នឹងមានការស្វែងយល់អំពីសេដ្ឋកិច្ចនៃតំបន់មេគង្គ ដែលចូលរួមពីថ្នាក់នាំកម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីលើកកម្ពស់សមាហរកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងជាមួយប្រទេសផ្សេងទៀត នៅលើពិភពលោក។
លោក Martin Brisson នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ នឹងមានការពិភាក្សាគ្នាក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ បន្ទាប់ពីការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលទើបបង្កើតឡើងបានជាង២ខែមកនេះ។ លោក Martin សង្ឃឹមយ៉ាងខ្លាំងថា ជំនួបកំពូលនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កម្ពុជាក្នុងវិស័យធុរកិច្ច។
ក្នុងថ្ងៃទី២៨កញ្ញា នៃកិច្ចប្រជុំកំពូលនេះ លោក Tassilo Brinzer ដែលជាប្រធាននាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងធ្វើបទបង្ហាញអំពីសៀវភៅ«ស» ជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយពីស្វែងយល់អំពីសៀវភៅ«ស»រួច នឹងមានថ្លែងសុន្ទរកថាគន្លឹះ អំពីគោលដៅវិនិយោគ និងយុទ្ធសាស្រ្តរបស់កម្ពុជា និងការធ្វើបច្ចុប្បន្នភាពរបស់សហភាពអឺរ៉ុប ស្តីពីគោលនយោបាយពាណិជ្ជកម្ម និងការធ្វើវិនិយោគជាមួយកម្ពុជា។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម នឹងបើកសម័យប្រជុំនៅពេលរៀលថ្ងៃទី២៨កញ្ញា មុនធ្វើបទបង្ហាញស្តីពី វឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមរបស់អាស៊ាន, យុទ្ធសាស្ត្រច្រកទ្វារសកលរបស់សហភាពអឺរ៉ុបនៅកម្ពុជា និងមាគ៌ាអភិវឌ្ឍភាពជាដៃយុទ្ធសាស្រ្ត រវាងអាស៊ាន និងអឺរ៉ុប។ ដោយឡែក នៅព្រឹកថ្ងៃទី២៩កញ្ញា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយ AHK Vietnam មុនធ្វើបទបង្ហាញស្តីពី ឌីជីថលនីយកម្ម និងសិក្ខាសាលាជាបន្តបន្ទាប់តាមវិស័យ ដែលដឹកនាំដោយថ្នាក់ដឹកនាំមកពីឧស្សាហកម្មផ្សេងៗ។
ប្រធានកិច្ចសហប្រតិបត្តិការនៅគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Bryan Fornari ដែលជាវាគ្មិនមួយរូបក្នុងកិច្ចប្រជុំកំពូលខាងលើ បានបង្ហាញនូវកិច្ចរីករាយដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមព្រឹត្តិការណ៍នេះ។ បើតាមលោក Bryan Fornari កិច្ចប្រជុំកំពូលនេះ នឹងរួមចំណែកក្នុងការកំណត់ឱកាសវិនិយោគពាក់ព័ន្ធវិស័យថ្មីៗជាមួយនឹងគុណភាពបន្ថែមក្នុងស្រុក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលដែលកម្ពុជាកំពុងព្យាយាមអភិវឌ្ឍខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួត(LDC) នៅឆ្នាំ២០២៧។
«ភាពជាដៃគូ ជាមួយវិស័យឯកជននៅតែសារៈសំខាន់ ហើយយើងពិតជាចង់ស្វែងយល់ពីការចូលរួមនេះ ក្រោមក្របខណ្ឌនៃច្រកទ្វារសកលជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយភាពគុណភាព និងការតភ្ជាប់ទំនិញប្រជាជន និងសេវាកម្មប្រកបដោយនិរន្តរភាព»។ នេះជាការលើកឡើងរបស់លោក Bryan Fornari នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅថ្ងៃទី២៨-២៩កញ្ញា ត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលសហការជាមួយ ARISE+ Cambodia និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ អ្នកជំនាញពីស្ថាប័នទាំងនេះ បាននាំមកនូវជំនាញ និងចំណេះដឹងអំពីគោលនយោបាយរបស់កម្ពុជា និងទំនាក់ទំនងជាមួយពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប៕