កីឡាជាតិ
ជាតិ
EPL៖ ភ្នំពេញក្រោន ប្រដេញពិន្ទុព្រះខ័នរាជស្វាយរៀង ក្រោយឈ្នះ ដង្កោសែនជ័យ
26, Sep 2023 , 1:53 pm        
រូបភាព
ការប្រកួតភ្នំពេញក្រោន ជាមួយ អាយ អេស អាយ ដង្កោសែនជ័យ រូបពី Cambodian Premier League
ការប្រកួតភ្នំពេញក្រោន ជាមួយ អាយ អេស អាយ ដង្កោសែនជ័យ រូបពី Cambodian Premier League
ភ្នំពេញក្រោន បន្ដឈរចំណាត់ថ្នាក់ទី២ បន្ទាប់ពីឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ នៃការប្រកួត Cambodian Premier League 2023-2024 សប្ដាហ៍ទី៦ ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ គិតត្រឹម ៦ប្រកួត នៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន ឈ្នះ ៥ និងចាញ់ ១ និងមាន ១៥ពិន្ទុ កំពុងប្រដេញក្រុមកំពូលតារាង ព្រះខ័នរាជ ស្វាយរៀង ដែលឈ្នះទាំង ៦ប្រកួត។



ចាប់ផ្ដើមការប្រកួតនាតង់ទី១ ត្រឹម ៤នាទី ដំបូង ម្ចាស់ផ្ទះ ភ្នំពេញក្រោន បានទម្លាយសំណាញ់ទី ក្រុមភ្ញៀវ អាយ អេស អាយ ដង្កោសែនជ័យ ដោយកីឡាករ លឹម ពិសុទ្ធ បន្ទាប់ពីមិត្តរួមក្រុម បានបញ្ជូនពីស្លាបឆ្វេង មកកណ្ដាល ក្នុងតំបន់គ្រោះថ្នាក់របស់អ្នកចាំទី។ 
 
ចូលដល់នាទី២៥ អាយ អេស អាយដង្កោសែនជ័យ បានវាយបក បាន១ គ្រាប់ លទ្ធផល ១-១ ដោយកីឡាករ Coulibaly Kader តាមរយៈការស៊ុតបាល់ហ្វី្រឃីក។ ៦នាទីបន្ទាប់ពីគ្រាប់បាល់ស្មើនេះ ភ្នំពេញក្រោន បាននាំមុខសារជាថ្មី ដោយ កីឡាករ Shimizu Shintaro ខ្សែប្រយុទ្ធម្ចាស់ផ្ទះ បានទាត់បញ្ចូលទី លទ្ធផល ២-១ នៅនាទី៣២។ 
 
នៅដើមតង់ទី២ នាទី៥៩ ម្ចាស់ផ្ទះ បន្ថែមបាន ១គ្រាប់ទៀត នាំមុខក្រុមភ្ញៀវ ៣-១ ដោយកីឡាករកូឡុំប៊ី Andres Nieto។ ចំណែកគ្រាប់បាល់នាំមុខ ៤-១ កីឡាករ លឹម ពិសុទ្ធ បានតែតបញ្ចូលទី នៅនាទី៧២ បន្ទាប់ពីមិត្តរួមក្រុម Andres Nieto បានលើកបញ្ជូនចូលក្នុងតំបន់គ្រោះថ្នាក់របស់ក្រុម អាយ អេស អាយ ដង្កោសែនជ័យ។ នៅនាទី៨៨ Jonh Frith របស់ អាយ អេស អាយដង្កោសែនជ័យ បានរកបាន ១ គ្រាប់ លទ្ធផល ៤-២។ បញ្ចប់ការប្រកួត ភ្នំពេញក្រោន ឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ ៤-២។
 
គិតត្រឹមសប្ដាហ៍ទី ៦ ព្រះខ័នរាជ ស្វាយរៀង បន្ដឈរលេង១ (បណ្ដោះអាសន្ន) មាន១៨ ពិន្ទុ។ ដោយឡែក ភ្នំពេញក្រោន ឈរលេខ២ មាន១៥ ពិន្ទុ តាមពីក្រោយដោយ បឹងកេត ឈរនៅលេខ៣ មាន១០ ពិន្ទុស្មើគ្នា ជាមួយ កងយោធពលខេមភូមិន្ទ ឈរនៅលេខ៤ និង ព្រៃវែង ឈរនៅលេខ ៥។ វិសាខា នៅចំណាត់ថ្នាក់លេខ៦ មាន ៩ពិន្ទុ តាមពីក្រោយដោយ ណាហ្គាវើលដ៏ លេខ៧ មាន ៥ពិន្ទុ។ ចំណែក អាយ អេស អាយ ដង្កោសែនជ័យ ឈរលេខ ៨ មាន ៤ ពិន្ទុ និង អង្គរថាយហ្គឺរ នៅចំណាត់ថ្នាក់លេខ៩ មាន ៣ពិន្ទុ និងគិរីវង់សុខសែនជ័យ មាន ២ ពិន្ទុ នៅបាតតារាង៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com