ជាតិ
សង្គមជាតិ
៥៦ឆ្នាំក្រោយមក កម្ពុជាមាន «វចនានុក្រមខ្មែរ» ដែលធ្វើបច្ចុប្បន្នកម្មថ្មី
26, Sep 2023 , 2:35 pm        
រូបភាព
ដោយ: រួបរួម
រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា បានប្រកាសដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ដែលបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល។ ពិធីត្រូវបានរៀបចំក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ នេះជាវចនានុក្រមផ្លូវការដែលត្រូវបានធ្វើបច្ចុប្បន្នកម្មលើកដំបូង បើគិតចាប់តាំងពីការបោះពុម្ពវចនានុក្រមខ្មែរ «សម្តេចព្រះសង្ឃរាជ ជួន ណាត» គ្រាទី៥ក្នុងឆ្នាំ១៩៦៧។





«វចនានុក្រមខ្មែរ» ថ្មីនេះ ជាការផ្សាយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា  បោះពុម្ពនៅឆ្នាំ២០២២ ដោយមានការបញ្ចូលពាក្យថ្មីៗជាច្រើន។ ក្រៅពីបោះពុម្ពជាសៀវភៅ វចនានុក្រមខ្មែរ ឆ្នាំ២០២២ ក៏មានទម្រង់ជាឌីជីថល ដោយអ្នកប្រើប្រាស់អាចទាញយកពីកម្មវិធី Windows App, iOS និង Android

លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) ជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរថ្មីនេះ ដោយមានលោក សន ពៅ និងលោក ជួរ គារី ជាអនុប្រធាន។ បញ្ញវន្តគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ចជាដើម ស្ថិតក្នុងសមាសភាពជាឧត្តមទីប្រឹក្សា ទីប្រឹក្សា និងសមាជិក ជាង៦០នាក់ ដែលរួមគ្នារៀបចំធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្ម ចាប់តាំងពីឆ្នាំ២០១៨មក។

វចនានុក្រមខ្មែរជាផ្លូវការត្រូវបានបោះពុម្ពចំនួន៥គ្រារួចមកហើយ ក្នុងនោះបោះពុម្ពគ្រាទី១ ឆ្នាំ១៩៣៨(ភាគ១)និងឆ្នាំ១៩៤៣(ភាគ២), បោះពុម្ពគ្រាទី២ ឆ្នាំ១៩៥២(ភាគ២), បោះពុម្ពគ្រាទី៣ ឆ្នាំ១៩៥៨(ភាគ១) និងឆ្នាំ១៩៦២(ភាគ២), បោះពុម្ពគ្រាទី៤ ឆ្នាំ១៩៦២(ភាគ១) និងបោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧(ភាគ១)និងឆ្នាំ១៩៦៨(ភាគ២)។
គណៈកម្មាធិការជាតិរៀបរៀងវចនានុក្រមខ្មែរ បានកំណត់គោលការណ៍បច្ចេកទេសក្នុងការធ្វើបច្ចុប្បន្នកម្ម ដោយរក្សាទុកទម្រង់ដើមនៃវចនានុក្រមខ្មែរ ដោយបានធ្វើការកែសម្រួលចំណុចមួយចំនួន។ បន្ថែមពាក្យដែលកំពុងប្រើប្រាស់ ហើយដែលមិនទាន់មាននៅក្នុងវចនានុក្រមខ្មែរ។

បណ្ឌិត ហ៊ាន សុខុម បានលើកឡើងក្នុងនិវេទនកថា ក្នុងវចនានុក្រមថា កិច្ចការនេះធ្វើឡើងដោយឈរលើស្មារតីអភិរក្ស អភិវឌ្ឍភាសា អក្សរខ្មែរ និងបំពេញបន្ថែមន័យនៃពាក្យដែលនៅខ្វះចន្លោះរួមទាំងបន្ថែមពាក្យថ្មីៗទៀត ព្រមទាំងរក្សានូវទម្រង់វចនានុក្រមខ្មែរដែលរៀបរៀងដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយដោយ ពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ឆ្នាំ១៩៦៧-១៩៦៨ ជាគោល។

«ភាសាតែងតែមានការវិវត្តជានិច្ច ហេតុដូចនេះ ការធ្វើបច្ចុប្បន្នកម្មវចនានុក្រម ត្រូវធ្វើឡើងដោយគ្មានទីបញ្ចប់នោះទេ»។ នេះជាការលើកឡើងរបស់លោក ហ៊ាន សុខុម ហើយគូសបញ្ជាក់ថា ក.ជ.ភ.ខ. បានទទួលការឧបត្ថម្ភគាំទ្រទាំងស្រុងពីរដ្ឋាភិបាលនូវគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនេះ ដែលជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងវិស័យអក្សរសាស្ត្រជាតិ បន្ទាប់ពីការបង្កើតវចនានុក្រមខ្មែរលើកដំបូងនាឆ្នាំ១៩១៥ ដើមសតវត្សទី២០។

ទោះជាមានការខិតខំប្រឹងប្រែងយ៉ាងណា ក៏គណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ យល់ឃើញថា វចនានុ ក្រមនេះ ពិតជានៅមិនទាន់បំពេញបានតាមតម្រូវការប្រើប្រាស់ទាំងស្រុងនៅឡើយ។ គណៈកម្មាធិការរង់ចាំទទួលមតិស្ថាបនាកែលម្អពីគ្រប់មជ្ឈដ្ឋាន។

«រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តធ្វើការងារនេះជាបន្តទៀត ហើយឆ្នាំក្រោយ រាជបណ្ឌិត្យសភាកម្ពុជានឹងបញ្ចប់ការរៀបចំវចនានុក្រមខ្មែរបុរាណដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត»។ នេះជាការអះអាងរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលជាទីប្រឹក្សាមួយរូបនៃគណៈកម្មាធិការរៀបចំវចនានុក្រម។

នាពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការវចនានុក្រមខ្មែរឆ្នាំ២០២២ ក្នុងទម្រង់បោះពុម្ពជាសៀវភៅ និងឌីជីថល ផងដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកស្នាដៃវណ្ណកម្មភាសា និងអក្សរសាស្ត្រខ្មែរនេះ មានតម្លៃជាប្រវត្តិសាស្ត្រ និងជាការរួមចំណែកពង្រឹងអត្តសញ្ញាណជាតិ។

រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានលើកទឹកចិត្ត ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងគណៈកម្មាធិការជំនាញរបស់ខ្លួន ត្រូវបន្ដចងក្រងនិងអភិវឌ្ឍវចនានុក្រមខ្មែរជាប្រចាំ និងជំរុញការចូលរួមពីគ្រឹះស្ថានអប់រំទាំងអស់ ក៏ដូចជាសាធារណជន ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការប្រើប្រាស់ ការគាំទ្រ ក៏ដូចជាការផ្តល់មតិស្ថាបនា និងធាតុចូលជាប្រចាំដើម្បីឱ្យវចនានុក្រមកាន់តែមានសុក្រឹត្យភាព៕




© រក្សាសិទ្ធិដោយ thmeythmey.com