អន្តរជាតិ
អគ្គរាជទូតជប៉ុនចាត់ទុកដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ជាការដោះស្រាយបញ្ហារួម
26, Sep 2023 , 3:39 pm        
រូបភាព
លោក Atsushi Ueno អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា (ឆ្វេង) ជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា។ រូបភាព ថ្មីៗ
លោក Atsushi Ueno អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា (ឆ្វេង) ជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា។ រូបភាព ថ្មីៗ
លោក Atsushi Ueno អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា បានលើកឡើងថា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា មិនមែនត្រឹមបញ្ជាក់ពីទំនាក់ទំនងប្រទេសទាំងពីរក្នុងលក្ខណៈទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែវាជាទំនាក់ទំនងដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា​​ក្នុងនាមជាដៃគូ ដើម្បីដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។

 
ពីកិច្ចពិភាក្សាតុមូលស្តីពី«ទំនាក់ទំនងកម្ពុជា-ជប៉ុន» នៅថ្ងៃទី២៦ ខែកញ្ញា អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Atsushi Ueno បានលើកឡើងជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ កសិកម្ម ទេសចរណ៍ ជាពិសេស ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ដែលទើបតែដំឡើងនៅពេលថ្មីៗនេះ។ 
 
«ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មិនមែនត្រឹមតែជាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ក្នុងបរិបទទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែវាជាទំនាក់ទំនងដែលភាគីទាំងពីរអាចធ្វើការរួមគ្នា ក្នុងនាមជាដៃគូ ដើម្បីលើកឡើងពីបញ្ហាប្រឈមតំបន់ និងអន្តរជាតិរួមគ្នា»។ អគ្គរាជទូតជប៉ុន បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនរូប។ 
 
បន្ថែមពីនេះ លោក Atsushi បានបន្តថា រដ្ឋាភិបាលក្រុងភ្នំពេញ និងក្រុងតូក្យូ គួរតែធ្វើការជាមួយគ្នាឱ្យកាន់តែសកម្មជាងមុន ដើម្បីសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ រួមទាំងអន្តរជាតិ។ 
 
ក្រោមភាពជាដៃគូនេះ ជប៉ុន និងកម្ពុជា បានធ្វើការរួមគ្នា ក្នុងការដោះមីននៅអ៊ុយក្រែន ដែលត្រូវបានរុស្ស៊ីឈ្លានពាន នៅពេលកន្លងមក។ បន្ថែមពីនេះ អគ្គរាជទូតជប៉ុនរូបនេះ បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងជប៉ុន មានសក្តានុពលក្នុងការសហការគ្នា ក្នុងវិស័យកសាងសន្តិភាពជាច្រើនទៀត ដើម្បីជាប្រយោជន៍នៅក្នុងតំបន់ និងអន្តរជាតិ។ 
 
មិនតែប៉ុណ្ណោះ មន្រ្តីទូតជប៉ុនរូបនេះបានប្រកាសគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ដើម្បីធានាភាពភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ 
 
ទាក់ទិននឹងលទ្ធិប្រជាធិបតេយ្យ អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជារូបនេះ បានបង្ហាញពីមោទកភាពក្នុងការដើរវិថីរួមជាមួយកម្ពុជាដោយផ្អែកលើសន្តិភាព និងការអភិវឌ្ឍប្រជាធិបតេយ្យ។ លោក Atsushi ក៏បានលើកទឹកចិត្តឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន​ ម៉ាណែត ក្នុងការបន្តដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕ 
 

Tag:
 ជប៉ុន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com