អន្តរជាតិ
អគ្គរាជទូតជប៉ុន៖ សម្តេច ហ៊ុន ម៉ាណែត គ្រោងបំពេញទស្សនកិច្ចនៅជប៉ុន
26, Sep 2023 , 8:19 pm        
រូបភាព
លោក Atsushi Ueno អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា (ឆ្វេង) ជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា។ រូបភាព Facebook_Club of Cambodian Journalists
លោក Atsushi Ueno អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា (ឆ្វេង) ជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា។ រូបភាព Facebook_Club of Cambodian Journalists
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គ្រោងបំពេញទស្សនកិច្ចនៅជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-ជប៉ុន ក្នុងគោលបំណងអបអរខួប ៥០ឆ្នាំនៃទំនាក់ទំនងទ្វេភាគី។ អគ្គរាជទូតជប៉ុន លោក Atsushi Ueno បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៦ ខែកញ្ញា។

 
នៅចុងខែធ្នូ ឆ្នាំ២០២៣ ជប៉ុន នឹងរៀបចំទទួលមេដឹកនាំអាស៊ាននៅក្នុងទីក្រុងតូក្យូ ដើម្បីប្រារព្ធខួបទំនាក់ទំនងអាស៊ាន-ជប៉ុន រយៈពេល ៥០ឆ្នាំ។ ទាក់ទិននឹងកិច្ចប្រជុំនេះ លោក Atsushi Ueno អគ្គរាជទូតជប៉ុន នៅថ្ងៃទី២៦ ខែកញ្ញា បានប្រាប់អ្នកសារព័ត៌មានថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គ្រោងបំពេញទស្សនកិច្ចនៅជប៉ុនក្នុងខែធ្នូនោះ។
 
«សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងរៀបចំគម្រោងទៅជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-ជប៉ុននៅក្រុងតូក្យូ»។ លោក Atsushi បានឆ្លើយបែបនេះនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលបានសួរទាក់ទិននឹងដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំកម្ពុជាទៅជប៉ុន ស្របពេលខួបទំនាក់ទំនងរយៈពេល៧០ឆ្នាំ នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីទំនាក់ទំនងកម្ពុជា ជប៉ុន ដែលរៀបចំឡើងនៅ Sun and Moon Riverside Hotel ។ 
 
ទន្ទឹមនេះ អគ្គរាជទូតជប៉ុន បានបញ្ជាក់ផងដែរថា ស្ថានទូតជប៉ុន នឹងខិតខំឱ្យបានខ្លាំងបំផុត ដើម្បីធ្វើឱ្យដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទទួលបានលទ្ធផលផ្លែផ្កាដ៏ច្រើន។ 
 
បន្ថែមពីនេះ អគ្គរាជទូតជប៉ុន ក៏បានលើកឡើងពីការលើកទឹកចិត្តអ្នកវិនិយោគជប៉ុន មកកម្ពុជាផង។ បើតាមលោក Atsushi ក្នុងអំឡុងកិច្ចប្រជុំនៅខែធ្នូនោះ ជប៉ុនគ្រោងរៀបចំវេទិកាវិនិយោគ ដើម្បីអាចផ្តល់ជាឱកាសឱ្យអ្នកវិនិយោគជប៉ុន កាន់តែស្គាល់កម្ពុជា ក៏ដូចជាទទួលបានផលប្រយោជន៍នៅពេលវិនិយោគនៅកម្ពុជាផង។ 
 
តាមទិន្នន័យរបស់ស្ថានទូតជប៉ុន គិតត្រឹមរយៈពេល១០ឆ្នាំចុងក្រោយ ការនាំចេញរបស់ជប៉ុន មកកម្ពុជាមានទំហំជាង ៣ពាន់លានដុល្លារ ខណៈកម្ពុជានាំទៅជប៉ុនមានទំហំជាង ១០ពាន់លានដុល្លារ។ ទំនិញ ដែលនាំទៅជប៉ុនមានដូចជា អាវ ស្បែកជើង ផលិតផលស្បែក និងផលិតផលអេឡិចត្រូនិច។
 
ពាក់ព័ន្ធនឹងជំនួយឥតសំណង ជប៉ុន បានផ្តល់ឱ្យកម្ពុជាប្រមាណ១,៥៨៥ពាន់លានដុល្លារ និងកម្ចី១,៥៦៧ ពាន់លានដុល្លារ ដោយគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២៕ 
 

Tag:
 ជប៉ុន
  កម្ពុជា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com