អន្តរជាតិ
ជប៉ុន សាទរកម្ពុជាដែលមិនហាមឃាត់គ្រឿងសមុទ្រពីប្រទេសខ្លួន
26, Sep 2023 , 5:19 pm        
រូបភាព
លោក Atsushi Ueno អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា (ឆ្វេង) ជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា។ រូបភាព Facebook_Club of Cambodian Journalists
លោក Atsushi Ueno អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា (ឆ្វេង) ជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា។ រូបភាព Facebook_Club of Cambodian Journalists
ជប៉ុនរីករាយដែលរដ្ឋាភិបាលកម្ពុជាមិនរឹតត្បិតការនាំចូលគ្រឿងសមុទ្រពីជប៉ុន ក្រោយមានការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មពីរោងចក្រ Fukushima Daiichiចូលសមុទ្រ។  នេះជាការលើកឡើងរបស់អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Atsushi Ueno នៅថ្ងៃទី២៦ ខែកញ្ញា។

 
ក្រសួងពាណិជ្ជកម្មកម្ពុជា នៅពេលថ្មីៗនេះ បានប្រកាសបន្តនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ក្រោយរោងចក្រ Fukushima Daiichi បានបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មរួចទៅក្នុងសមុទ្រ។ អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Atsushi Ueno បានសាទរចំពោះរបស់ការសម្រេចចិត្តនេះ។ 
 
«យើងពិតជាសាទរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ដែលមិនបានរឹតត្បិតលើផលិតផលគ្រឿងសមុទ្រជប៉ុន»។ លោក Atsushi បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីទំនាក់ទំនង ជប៉ុន និងកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ដោយបន្តចាត់ទុកសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា មិនមែនជារឿងងាយស្រួលឡើយ។ មិនតែប៉ុណ្ណោះ អគ្គរាជទូតជប៉ុន បានអះអាងថា វិធានការរបស់រដ្ឋាភិបាលកម្ពុជា បានផ្តល់ជាចំណុចវិជ្ជមានសម្រាប់ប្រជាជនជប៉ុន។ 
 
តបនឹងសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការរឹតត្បិតគ្រឿងសមុទ្រជប៉ុន ពីសំណាក់ចិននៅពេលកន្លងមក មន្រ្តីជប៉ុនរូបនេះ បានលើកឡើងថា​ ជប៉ុន មិនចង់ឱ្យប្រជាជន ឬរដ្ឋាភិបាលកម្ពុជាជ្រើសយកភាគីណាមួយឡើយ។ មិនតែប៉ុណ្ណោះ លោក Atsushi បានបន្តថា រដ្ឋាភិបាលក្រុងតូក្យូ មិនចង់បានការប្រឈមមុខណាមួយជាមួយក្រុងប៉េកាំងឡើយ ប៉ុន្តែចង់ឱ្យមានកិច្ចសន្ទនាប្រកបដោយការស្ថាបនា។ 
 
ក្រោយរោងចក្រ Fukushima Daiichi បានបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មរួចទៅក្នុងសមុទ្រនៅពេលថ្មីៗនេះ បណ្តាប្រទេសជិតខាងដូចជា ចិន និងកូរ៉េខាងត្បូង បានជំទាស់យ៉ាងខ្លាំង ខណៈទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) ថាមិនមានបញ្ហាអ្វីឡើយ។ 
 
តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីឆ្នាំ២០២១ កម្ពុជា​នាំចូលគ្រឿងសមុទ្រពីជប៉ុន ក្នុងទំហំ​ប្រមាណ៦៨ម៉ឺនដុល្លារ ហើយវាបានកើនដល់ជាង១,១លានដុល្លារក្នុងឆ្នាំ២០២២៕ 
 

Tag:
 ជប៉ុន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com