កីឡាអន្តរជាតិ
អន្តរជាតិ
Alegado វ័យ ៩ឆ្នាំ កីឡាការិនីក្មេងបំផុតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅចិន
26, Sep 2023 , 7:39 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
Mazel Paris Alegado មានវ័យត្រឹមតែ ៩ឆ្នាំ បង្ហាញខ្លួនលើកដំបូងនឹងក្លាយជាកីឡាការិនីវ័យ ក្មេងជាងគេនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ទីក្រុងហាងចូវ នាថ្ងៃទី២៥ ខែកញ្ញា។



កីឡាការិនីវ័យ ៩ឆ្នាំ សញ្ជាតិហ្វីលីពីន បានបង្ហាញខ្លួនប្រកួតប្រជែងក្នុងវិញ្ញាសារជិះស្គីក្តាបន្ទះកង់ ៤​ នៅក្នុងកីឡាអាស៊ីលើកទី១៩។ Alegado ត្រូវបានគេគិតថាជាសិស្សស្ថិតនៅក្នុងសាលាបឋមសិក្សានៅក្នុងប្រទេសហ្វីលីន ហើយក៏ជាអត្តពលិកវ័យក្មេងជាងគេបង្អស់ផងដែរ ក្នុងការប្រកួតកីឡាស្ថិតក្នុងទីក្រុងហាងចូវ។ 
 
Alegado ប្រជែងលើវិញ្ញាសាជិះស្គីក្តាបន្ទះកង់ ៤ ផ្នែកនារី (Park Final) ហើយបានចំណាត់ថ្នាក់លេខ ៧ ចំណោមអត្តពលិក ៨នាក់។ កុមារីហ្វីលីពីនរូបនេះមានវ័យក្មេងជាងគេ បើធៀបទៅនឹងកីឡាការិនីជើងចាស់ ជនជាតិជប៉ុន Hinano Kusaki ដែលមានវ័យ ១៥ឆ្នាំ បានឈ្នះមេដាយមាសលើវិញ្ញាសារនេះ។
 
កីឡាការិនី Alegado ដែលឈានចូលវ័យ ៩ឆ្នាំ កាលពីខែមីនា ត្រូវបានគេរាយការណ៍ថាមកពីរដ្ឋកាលីហ្វ័រញ៉ា ប្រទេសអាម៉េរិក ដោយនាងបានចូលលេងការជិះស្គីនេះ នៅពេលនាងបានឃើញបងប្រុសនាងបានលេងកីឡានេះ អំឡុងពេលជួបជុំគ្នានៅផ្ទះបងប្អូនជីដូនមួយរបស់នាង។
 
Alegado បាននិយាយអំពីការចូលលេងដំបូងរបស់នាងដូច្នេះថា ៖ «ពេលនោះខ្ញុំបានទាមទារសាកល្បង ដោយថា ខ្ញុំអាចសាកបានទេៗ? ហើយខ្ញុំបានឡើងជាន់លើក្តា ពេលនោះហើយខ្ញុំបានស្រលាញ់ការជិះនេះភ្លាម។»។
 
អំពីចំណាប់អារម្មណ៍របស់នាងនៅការប្រកួតលំដាប់អន្តរជាតិដ៏ធំមួយនេះ Alegado ក៏បាននិយាយដូច្នេះថា ៖ «ខ្ញុំពិតជារំភើបណាស់ព្រោះតែខ្ញុំ ហៀបនឹងជិះស្គីនៅ Asian Games ហើយខ្ញុំទើបតែធ្វើរឿងនេះ ដូច្នេះវាពិតជាអស្ចារ្យណាស់។»។
 
នៅពេលត្រូវបានគេសួរនាំអំពីសមត្ថភាពជិះស្គីរបស់បងប្រុសនាង នាងបានឆ្លើយប្រាប់ថា បងប្រុសនាងមិនបានចូលចិត្តលើការជិះស្គីនេះទេ ហើយបងប្រុសនាងបានឈប់ជិះស្គីនេះពេលនាងធ្វើបានល្អជាង៕

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com