កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទាត់នារីអេស្ប៉ាញ ត្រៀមវិលចូលប្រកួតវិញ ក្រោយបញ្ចប់ពហិការ
27, Sep 2023 , 9:29 am        
រូបភាព
ក្រុមបាល់ទាត់នារីអេស្ប៉ាញត្រៀមខ្លួនរួចរាល់សម្រាប់ការវិលចូលការប្រកួតឡើងវិញ បន្ទាប់ពីបានបញ្ចប់ការធ្វើពហិការចូលរួមប្រកួតអស់រយៈពេលខ្លី ជុំវិញករណីថើបលើបបូរមាត់កីឡាការិនី Jenni Hermoso ពីសំណាក់ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales។ នេះបើតាមការអះអាងរបស់កីឡាការិនីអេស្ប៉ាញ Aitana Bonmati។



Bonmati កីឡាការិនីម្ចាស់ពានរង្វាន់ UEFA Women’s Player of the Year និងជាកីឡាការិនីបង្ហាញខ្លួនល្អបំផុតនៅក្នុងព្រឹត្តិការណ៍ World Cup ថានាងនិងមិត្តរួមក្រុមមានភាពធូរស្រាល ហើយឥឡូវនេះពួកគេបានផ្តោតលើការងារប្រចាំថ្ងៃរបស់ពួកគេ បន្ទាប់ពីមានបញ្ហារយៈពេលជាង ១ខែកន្លងមក។ ការបញ្ចប់បញ្ហា កើតឡើងក្រោយពេលដែលសហព័ន្ធបាល់ទាត់ RFEF យល់ព្រមលើការផ្លាស់ប្តូរក្បាលម៉ាស៊ីនដែលមានលោក Rubiales និងគ្រូបង្វឹកក្រុមអំឡុង World Cup។
 
យ៉ាងណាក្រោយពេលវិលត្រលប់សម្រាប់ការប្រកួតឡើងវិញក្រុមនារីអេស្ប៉ាញសល់រយៈពេលមិនដល់ ១សប្តាហ៍ ដើម្បីត្រៀមខ្លួនហ្វឹកហាត់សារជាថ្មី សម្រាប់ការប្រកួតពានរង្វាន់ Nation League ពូល A ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា។ 
 
«យើងកំពុងធ្វើជាគំរូមួយលើកម្រិតកីឡា និងសង្គម ដែលបុរស និងស្ត្រីគួរតែត្រូវបានប្រព្រឹត្តិដោយភាពស្មើគ្នា។ ប៉ុន្មានរយៈមុនជាថ្ងៃដែលមានភាពស្មុគស្មាញ តានតឹង ថប់អារម្មណ៍ តែរឿងទាំងនេះបានកន្លងផុតទៅហើយ អ្វីៗបានផ្លាស់ប្តូរ ឥឡូវនេះយើងអាចផ្តោតលើបាល់ទាត់ដែលជាអ្វីដែលយើងចង់បាន។ យើងចង់វិលត្រលប់តាមធម្មតា ដោយដឹងថារឿងច្រើនបានតែលម្អរួច។»។ កីឡាការិនី Bonmati បាននិយាយបែបនេះ។
 
កាល World Cup 2023 វគ្គផ្តាច់ព្រ័ត្រដែលបានបញ្ចប់នៅក្នុងប្រទេសអូស្ត្រាលីដែលធ្វើជាម្ចាស់ ក្រុមនារីអេស្ប៉ាញគ្រងជើងឯក អំឡុងពេលដែលកម្មវិធីប្រគល់ពានរង្វាន់ដល់ក្រុមជើងឯកនារីអេស្ប៉ាញ លោក Rubiales បានចូលរួមផ្តល់ការបំពាក់មេដាយដោយបានថើបលើកីឡាការិនីជាច្រើនរូប។ រូបភាពទាំងនេះប្រធាន FIFA លោក Gianni Infantino បានចាក់ទុកទង្វើររបស់លោក Rubiales ថាបានបំផ្លាញការអបអរជ័យជម្នះរបស់ក្រុមជើងឯក។
 
បន្ទាប់ពីមានការអំពាវនាវទៅលើរឿងការថើបត្រង់បបូរមាត់លើកីឡាការិនី Hermoso អ្នកគាំទ្រជាច្រើនទាំងនៅអេស្ប៉ាញនឹងពិភពលោកបានរិះគន់ខ្លាំងលើលោក Rubiales មិនតែប៉ុណ្ណោះមន្ត្រីរដ្ឋាពិបាលនៃប្រទេសអេស្ប៉ាញក៏បានអំពាវនាវឱ្យមេសហព័ន្ធរូបនោះចុះចេញពីតំណែង។
 
យ៉ាងណាបើតាមប្រភពនៃសហព័ន្ធ RFEF ក្រោយបញ្ចប់បញ្ហា មន្ត្រីសហព័ន្ធ RFEF ចន្លោះ ៦ ទៅ ៩នាក់ ត្រូវបានបញ្ចប់តំណែង ដើម្បីអាចឈានដល់ការបញ្ចប់នៃកិច្ចព្រមព្រៀងការធ្វើពហិការ។ អគ្គលេខាធិការសហព័ន្ធលោក ​Andreu Camps និង Miguel Garcia Caba នាយកនៃផ្នែកសុចរិតភាព គឺជាបុគ្គលដំបូងដែលត្រូវបានបណ្តេញចេញពីតំណែង៕
 

Tag:
 អេស្ប៉ាញ
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com