កីឡាអន្តរជាតិ
អន្តរជាតិ
អនុប្រធាន IOC ថា ប្រធានាធិបតី ស៊ី ជិនភីង ជាដៃគូសំខាន់នៃចលនាអូឡាំពិក
26, Sep 2023 , 10:29 pm        
រូបភាព
រូបភាពពីទីភ្នាក់ងារសារព័ត៌មានចិន Xinhua
រូបភាពពីទីភ្នាក់ងារសារព័ត៌មានចិន Xinhua
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង គឺជាដៃគូដ៏សំខាន់មួយរូបសម្រាប់ចលនាអូឡាំពិកពិភពលោក។ នេះបើតាមការលើកឡើងរបស់លោក Juan Antonio អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងកិច្ចសម្ភាសជាមួយនឹងទីភ្នាក់ងារសារព័ត៌មានប្រទេសចិន Xinhua ថ្ងៃទី២៥ ខែកញ្ញា។



ប្រទេសចិនបច្ចុប្បន្នកំពុងតែរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅទីក្រុងហាងចូវ ដ៏ធំប្រចាំទ្វីបអាស៊ី ។ ការប្រកួតនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២៣​ ខែកញ្ញា មកម្ល៉េះ។
 
លោក Juan Antonio Samaranch Jr បានលើកឡើងអំពីភាពជាដៃគូសហការដ៏សំខាន់របស់លោក ស៊ី ជិនភីង នៅក្នុងកិច្ចសម្ភាសផ្តាច់មុខមួយ ជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន Xinhua។
 
«ការប្តេជ្ញាចិត្តរបស់គាត់ ការគាំទ្ររបស់គាត់ចំពោះកីឡា និងតួនាទីនៃកីឡា និងកីឡាអូឡាំពិកអាចលេងបានសម្រាប់យុវជន សម្រាប់សង្គមទាំងមូល ព្រមទាំងស្មារតីអូឡាំពិក ខ្ញុំគិតថានេះជាអ្វីដែលខ្ញុំយកជាសំខាន់បំផុត។ ពិតជារឿងដ៏អស្ចារ្យដែលមានដៃគូដ៏សំខាន់បែបនេះសម្រាប់កីឡា និងគណៈកម្មាធិការអូឡាំពិក។»។ លោក Samaranch Jr បាននិយាយបែបនេះ។
 
កាលពីសប្តាហ៍មុនលោក Samaranch Jr ក៏បានចូលរួមពិធីជប់លៀងស្វាគមន៍ដែលរៀបចំដោយប្រធានាធិបតី​ចិន មុនពេលកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ី នៅថ្ងៃទី២៣ ខែកញ្ញា ផងដែរ។
 
ក្រៅពីនេះអនុប្រធាន IOC ដដែល ក៏បានរំលឹកអំពីការរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗក្រោមស្ថាប័ន IOC នៅក្នុងប្រទេសចិន ហើយថែមទាំងសរសើរដល់លោក ស៊ី ជិនភីង ថាបានដឹកនាំប្រជាជនចិន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍នៃចលនាអូឡាំពិក។ បុរសវ័យ ៦២ឆ្នាំ ដដែល ថែមទាំងសរសើរដល់ការរៀបចំកម្មវិធីបើកព្រឹត្តិការណ៍ថា ជាកម្មវិធីបើកលំដាប់ថ្នាក់ពិភពលោកផងដែរ។
 
ដោយឡែកព្រឹត្តិការណ៍កីឡាអាស៊ីនៅក្នុងទីក្រុងហាងចូវ ដែលបានធ្វើឡើងនៅក្នុងកីឡដ្ឋាន Hangzhou Olympic Sports Center ដែលមានរាងជាផ្កាឈូក កាលពីថ្ងៃទី២៣ ខែកញ្ញា។ នេះគឺជាការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីលើកទី៣ ហើយ សម្រាប់ប្រទេសចិន បន្ទាប់ពីការប្រកួតនៅក្នុងទីក្រុងប៉េកាំង ក្នុងឆ្នាំ ១៩៩០ និងទីក្រុងក្វាងចូវ ក្នុងឆ្នាំ ២០១០។
 
ក្រៅពីព្រិត្តិការណ៍កីឡាអាស៊ីដែលប្រទេសចិនបានរៀបចំនេះ ប្រទេសដ៏ធំប្រចាំទ្វីបអាស៊ី និងមានសេដ្ឋកិច្ចលំដាប់ទីពីរលើពិភពលោកមួយនេះ ក៏ធ្លាប់បានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០០៨, កីឡាអូឡាំពិកយុវជន ឆ្នាំ ២០១៤ និងកីឡាអូឡាំពិករដូវកាលរងារឆ្នាំ ២០២២៕
 

Tag:
 IOC
  អូឡាំពិកុំ ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com