អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
កូរ៉េខាងត្បូង ធ្វើព្យុហយាត្រា​យោធាដ៏កម្រ ជាមួយការព្រមានកូរ៉េខាងជើង
26, Sep 2023 , 10:59 pm        
រូបភាព
ដោយ៖​ ងួនសៅ​ ពុទ្ធិឫទ្ធិ

កូរ៉េខាងត្បូង​ បាន​ធ្វើ​ព្យុហយាត្រា​យោធា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍ ​នៅថ្ងៃទី២៦ ខែកញ្ញា ដោយបង្ហាញសព្វាវុធជាច្រើនមុខចាប់តាំងពីកាំជ្រួចផ្លោង រថក្រោះ តាមផ្លូវទីក្រុង​សេអ៊ូល​ ក្នុងគោលបំណង​បង្ហាញ​សមត្ថភាពរបស់ខ្លួន​។



ព្យុហយាត្រា​យោធា​របស់កូរ៉េខាងត្បូង ធ្វើឡើងដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងត្បូង។ ការដង្ហែលើកចុងក្រោយធ្វើតាំងពីឆ្នាំ២០១៣។

នៅក្នុងសុន្ទរកថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានព្រមានក្រុងព្យុងយ៉ាងជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយបានសន្យាថាលោកនឹងបង្កើនការគាំទ្រលើវិស័យយោធា និងឧស្សាហកម្មការពារជាតិ។

«ប្រសិនបើកូរ៉េខាងជើងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នោះរបបព្យុងយ៉ាង នឹងត្រូវបញ្ចប់តាមរយៈការឆ្លើយតបដ៏លើសលប់វិញពីសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាម៉េរិក»។ លោក យូននិយាយបែបនេះ។

តាមការបញ្ជាក់ពីក្រសួងការពារជាតិកូរ៉េខាងត្បូង ព្យុហយាត្រា​យោធាធ្វើទៅពេញមួយថ្ងែនេះមានទាហានចូលរួមរាប់ពាន់នាក់  រថក្រោះដែលផលិតនៅក្នុងស្រុក និងកាំភ្លើងធំ រួមទាំងទាហានអាមេរិកចំនួន៣០០នាក់ផង។

ព្រឹត្តិការណ៏នេះក៏បានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីដែលលោកបានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន៕





Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com