អន្តរជាតិ
ប្រមុខUN អំពាវនាវឱ្យពិភពលោកបំផ្លាញអាវុធនុយក្លេអ៊ែរចោលឱ្យអស់
27, Sep 2023 , 10:59 am        
រូបភាព
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព UN
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព UN
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅថ្ងៃទី២៦ ខែកញ្ញា បានអំពាវនាវឱ្យពិភពលោកបំផ្លាញចោលអាវុធនុយក្លេអ៊ែរចោលឱ្យអស់ ដើម្បីបង្ការការសម្លាប់រង្គាលលើមនុស្សជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអះអាងថា អាវុធនុយក្លេអ៊ែរត្រូវបានអភិវឌ្ឍឱ្យទំនើប មានល្បឿនលឿន និងអាចវាយប្រហារគោលដៅកាន់តែត្រឹមត្រូវជាងមុន។

 
​ក្នុងថ្ងៃចុងក្រោយនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅក្រុងញូវយ៉ក លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យពិភពលោក បោះបង់ចោលអាវុធនុយក្លេអ៊ែរ ក៏ដូចជាឈប់ប្រើប្រាស់អាវុធប្រល័យលោកនេះ។ 
 
«រាល់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងពេលណា នៅកន្លែងណា និងក្នុងបរិបទណា អាចបង្កឱ្យមានមហន្តរាយដល់មនុស្សជាតិយ៉ាងធ្ងន់ធ្ងរ»។ លោក ហ្គូតេរ៉េស បានព្រមានជាថ្មីបែបនេះ ដោយបន្តថា ចំនួនអាវុធនុយក្លេអ៊ែរ អាចកើតឡើងជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
 
ស្របពេលពិភពលោកកំពុងប្រារព្ធទិវាអន្តរជាតិស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ប្រមុខអង្គការសហប្រជាជាតិ បានបន្តថា អាវុធនុយក្លេអ៊ែរ ត្រូវបានធ្វើទំនើបកម្មយ៉ាងខ្លាំង ដើម្បីធ្វើឱ្យអាវុធទាំងនោះមានល្បឿនលឿន វាយប្រហារត្រូវគោលដៅ និងកាន់តែអាចគេចផុតពីរ៉ាដាល្អជាងមុន។ 
 
ជុំវិញបញ្ហានេះ លោក ហ្គូតេរ៉េស បានទទូចឱ្យបណ្តារដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរ អនុវត្តកាតព្វកិច្ចកាត់បន្ថយអាវុធនុយក្លេអ៊ែរ និងប្តេជ្ញាមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ បើតាមមេដឹកនាំរូបនេះ វាមានតែកិច្ចចរចា និងការទូតប៉ុណ្ណោះ ទើបអាចកាត់បន្ថយភាពតានតឹង និងបញ្ចប់ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ។ 
 
តាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងស្តុកខុល (SIPRI) គិតត្រឹមខែមករា ឆ្នាំ២០២៣ ពិភពលោក មានក្បាលគ្រាប់នុយក្លេអ៊ែរទាំងចាស់ និងថ្មីប្រមាណ ១២៥១២គ្រាប់ ដោយអាម៉េរិក និងរុស្ស៊ី មានច្រើនជាងគេ និងតាមពីក្រោយដោយចិន បារាំង និងអង់គ្លេស៕ 
 

Tag:
 UN
  អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com