កីឡាជាតិ
ជាតិ
អាជ្ញាកណ្តាលស្ត្រីកម្ពុជា ជា ថារី និង ប្លុង ពេជ្រអក្ខរ៉ា កាត់ក្តីនៅកីឡាអាស៊ី លើកទី១៩
27, Sep 2023 , 8:59 pm        
រូបភាព
កញ្ញា ជា ថារី គ្រូបង្វឹកកីឡាការ៉ាតេរបស់សមាគមន៍ក្រសួងមហាផ្ទៃ និងជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអាស៊ី (Referee Commission) និងកញ្ញា ប្លុង ពេជ្រអក្ខ ជាប់ជាអាជ្ញាកណ្តាលខ្មែរពីររូបទៅកាត់ក្តីក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅចិន។ ថារី ជាចៅក្រមដាក់ពិន្ទុ លើប្រភេទកីឡាការ៉ាតេ ឯ ពេជ្រអក្ខរ៉ា ដែលជាអាជ្ញាកណ្ដាលអន្ដរជាតិ FIFA ត្រូវបានជ្រើសជាអាជ្ញាកណ្ដាលកាត់ក្ដី ក្នុងការប្រកួតបាល់ទាត់ នារី។


យោងលើវីឌីអូសម្ភាសជាមួយ​ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា កញ្ញា ជា ថារី បានប្រាប់ពីអារម្មណ៍រំភើបរបស់ខ្លួន ដែលជាស្ដ្រីខ្មែរមួយរូប បានចូលរួមកាត់សេចក្ដី ក្នុងព្រឹត្តិការណ៍កម្រិតអាស៊ីនេះ។ គណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអាស៊ីរូបនេះ ចាត់ទុកថា នេះ គឺជាមោទកភាពមួយ ដែលកម្ពុជា មានសមាសភាពស្ដ្រី ជាសមាជិកក្នុងគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអន្ដរជាតិ ហើយត្រូវបានអញ្ជើញឲ្យចូលរួមកាត់ក្ដី នៅក្នុងព្រឹត្តិការណ៍ Asian Games ក្រុងហាងចូវ។
 
«ខ្ញុំ ពិតជារំភើបខ្លាំង ដែលត្រូវបានសហព័ន្ធអាជ្ញាកណ្ដាលចៅក្រមអាស៊ី បានមើលឃើញ ហើយក៏បានជ្រើសខ្ញុំ ជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមរបស់អាស៊ី ( Referee Commission)។

នេះ ជាមោទកភាពមួយ ដែលជាលើកដំបូងហើយ កម្ពុជា មានសមាសភាព ជាសមាជិកក្នុងគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអន្ដរជាតិ ជាលើកដំបូងបំផុត។ ពេលនេះ ខ្ញុំ មិនត្រឹមតែជាអាជ្ញាកណ្ដាល តែម្យ៉ាងទេ ប៉ុន្ដែខ្ញុំ បានចូលជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមមួយថែមទៀត ដំណាងអាស៊ី។»។ កញ្ញា ជា ថារី បាននិយាយដូច្នេះ។
  
កញ្ញា ជា ថារី ឈរកាត់សេចក្ដី លើកីឡាការ៉ាតេ រូបពី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ចំណែកអាជ្ញាកណ្ដាល FIFA ស្ដ្រីជនជាតិកម្ពុជា កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ត្រូវបានគណៈកម្មការរៀបចំ និង FIFA ជ្រើសរើសជាអាជ្ញាកណ្ដាល ចូលរួមដឹកនាំការប្រកួតវិញ្ញាសាកីឡាបាល់ទាត់នារី នៃព្រឹត្តិការណ៍ 19th Asian Games។ 
 
អាជ្ញាកណ្ដាលស្ដ្រីរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា អក្ខរ៉ា ជាស្ដ្រីកម្ពុជា តែម្នាក់គត់ ត្រូវបានគេជ្រើសរើសមក។ រូបកញ្ញា ពិតជាសប្បាយចិត្តជាខ្លាំង និងមានមោទកភាពជាខ្លាំង ដោយបានឲ្យអន្ដរជាតិឃើញថា កម្ពុជា ក៏មានស្ដ្រីមានសមត្ថភាព អាចចូលរួមដឹកនាំការប្រកួតកម្រិតអន្ដរជាតិបែបនេះដែរ។
 
«ខ្ញុំ ពិតជាសប្បាយចិត្តខ្លាំង ដោយឲ្យគេ ឃើញថា យើង មានធនធានមនុស្ស ដែលមានសមត្ថភាព មិនចាញ់គេឡើយ។»។ កញ្ញា ពេជ្រអក្ខរ៉ា បានប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ស្ដ្រីកម្ពុជា ២រូបនេះ ត្រូវបានអន្ដរជាតិទទួលស្គាល់លើសមត្ថភាព និងជំនាញលើកីឡាផ្សេងពីគ្នា ប៉ុន្ដែពួកគេ មានចំណុចដូចគ្នានោះ គឺការប្រឹងប្រែង និងមានគោលដៅច្បាស់លាស់ដូច។ កញ្ញា ជា ថារី បានចំណាយពេលវេលា ២២ឆ្នាំក្នុងវិស័យកីឡាការ៉ាតេ ដោយគិតចាប់ពីឆ្នាំ២០០១ មកទល់ពេលនេះ។ ដោយឡែក កញ្ញា ថារី ប្រើពេល ៧ឆ្នាំចុងក្រោយនោះ ជាអាជ្ញាកណ្ដាល ដោយបានប្រឹងប្រែងហ្វឹកហាត់ រៀនវគ្គបណ្ដុះបណ្ដាលនានា ដើម្បីចូលរួមប្រឡងទទួលសញ្ញាប័ត្រ ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី។ 
 
រីឯ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា បានចូលប្រឡូកក្នុងវិស័យអាជ្ញាកណ្ដាល តាំងពីឆ្នាំ២០១៤ រហូតត្រូវបាន FIFA ទទួលស្គាល់ នៅចុងឆ្នាំ២០២២៕ 
 

Tag:
 ជា ថារី
  ការ៉ាតេ
© រក្សាសិទ្ធិដោយ thmeythmey.com