អន្តរជាតិ
ចិនថា សមយុទ្ធយោធាក្បែរកោះតៃវ៉ាន់ ជាការបំបាក់ភាពក្រអឺតរបស់ក្រុមផ្តាច់ទឹកដី
27, Sep 2023 , 9:29 pm        
រូបភាព
រូបភាព AP
រូបភាព AP
ចិន នៅថ្ងៃទី២៧ ខែកញ្ញា បានអះអាងថា ការធ្វើសមយុទ្ធយោធាជាច្រើនលើកនៅក្បែរកោះតៃវ៉ាន់ក្នុងពេលថ្មីៗនេះ មានបំណងប្រឆាំងនឹងក្រអឺតក្រទមរបស់ចលនាគាំទ្រផ្តាច់ទឹកដីនៅតៃវ៉ាន់។ ចិន ក៏បានប្តេជ្ញាជាថ្មី ក្នុងការពារអធិបតេយ្យ និងដែនដីរបស់ខ្លួនផង។

 
មួយរយៈចុងក្រោយនេះ ចិន បានធ្វើសមយុទ្ធយោធាជាញឹកញាប់នៅជុំវិញកោះតៃវ៉ាន់ ខណៈយន្តហោះចម្បាំងចិនជាច្រើនតែងហោះចូលតំបន់ការពារដែនអាកាសតៃវ៉ាន់ជាញឹកញាប់។ 
 
«គោលបំណងនៃសមយុទ្ធយោធានេះ គឺប្រឆាំងដាច់ខាតលើភាពក្រអឺតរបស់កម្លាំងគាំទ្រផ្តាច់ទឹកដីតៃវ៉ាន់ សកម្មភាពស្វែងរកឯករាជ្យ»។ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវាន់របស់ចិន បានសង្កត់ធ្ងន់បែបនេះ ទៅកាន់សំណួរបស់អ្នកសារព័ត៌មាន ដែលបានសួរពាក់ព័ន្ធនឹងសមយុទ្ធយោធានៅថ្ងៃទី២៧ ខែកញ្ញា។ 
 
លោកស្រី Zhu បានបន្តថា សកម្មភាពចង់ប្រកាសឯករាជ្យកោះតៃវ៉ាន់នៅតែបន្តរាល់ថ្ងៃ ហើយសកម្មភាពយោធាចិន ជាការបង្ហាញពីការការពារអធិបតេយ្យ និងបូរណភាពដែនដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បន្ថែមពីនេះ មន្រ្តីចិន បានទទូចឱ្យប្រជាជនតៃវ៉ាន់បែងចែករវាងខុស និងត្រូវជំទាស់ការប្រកាសឯករាជ្យសម្រាប់កោះតៃវ៉ាន់ ហើយធ្វើការជាមួយចិន ដើម្បីការពារសន្តិភាព និងស្ថិរភាពលើច្រកសមុទ្រតៃវ៉ាន់។
 
ចំណែកលោក William Lai អនុប្រធានាធិបតីតៃវ៉ាន់ និងជាបេក្ខជនទទួលបានសំឡេងគាំទ្រភាគច្រើន ក្នុងការបោះឆ្នោតប្រធានាធិបតីខាងមុខ នៅថ្ងៃទី២៧ ខែកញ្ញា បានយល់ថា ការប៉ុនប៉ង ក្នុងការលេបត្របាក់តៃវ៉ាន់ពីសំណាក់ចិន គឺគ្មានផ្លាស់ប្តូរឡើយ ហើយបក្សប្រជាធិបតេយ្យជឿនលឿន ក៏គ្មានបំណងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដែរ (DPP)។ 
 
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងតែងចាត់ទុក បក្សប្រជាធិបតេយ្យជឿនលឿន ជាចលនាគាំទ្រផ្តាច់ទឹកដី ក៏ដូចជាប្រកាសឯករាជ្យកោះតៃវ៉ាន់។ 
 
ក្នុងថ្ងៃទី២៨ ខែកញ្ញា តៃវ៉ាន់ ត្រូវបានរំពឹងថា នឹងដាក់សម្ពោធនាវាមុជទឹក ដែលត្រូវបានផលិតនៅក្នុងស្រុកចំនួន ៨គ្រឿងផងដែរ ដែលជាផ្នែកមួយ ក្នុងការទប់ស្កាត់នឹងការវាយប្រហាររបស់ចិន។ 
 
ទាក់ទិននឹងបញ្ហានេះ លោកស្រី Zhu បានយល់ថា ការខិតខំពង្រឹងយោធារបស់តៃវ៉ាន់ ក្នុងស្វះស្វែងរកការប្រកាសឯករាជ្យ មានតែបង្កើនភាពតានតឹង និងជំរុញឱ្យប្រជាជនតៃវ៉ាន់ ធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ប៉ុណ្ណោះ៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com