កីឡាជាតិ
ជាតិ
ជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា១៤នាក់ ត្រូវហាត់នៅថៃ ត្រៀម AFC Cup 2024
28, Sep 2023 , 12:52 pm        
រូបភាព
ក្រុមជម្រើសជាតិបាល់ទាត់ហ្វូតសាលកម្ពុជា រួបពី Cambodia Futsal
ក្រុមជម្រើសជាតិបាល់ទាត់ហ្វូតសាលកម្ពុជា រួបពី Cambodia Futsal
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញសមាសភាពក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាល ១៤នាក់ ដើម្បីបោះជំរំហ្វឹកហាត់នៅប្រទេសថៃ ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ដើម្បីត្រៀមខ្លួន ប្រកួតពានរង្វាន់ AFC Futsal Asian 2024 វគ្គជម្រុះ នៅប្រទេសអ៊ូសបេគីស្ថាន។ លោក ឃុល ភារម្យ អ្នកគ្រប់គ្រងបាល់ទាត់ក្នុងសាល បាននិយាយថា កម្ពុជា ជួបជាមួយក្រុមមានកម្រិតខ្លាំង កីឡាករ នឹងប្រឹងអស់ពីសមត្ថភាព បើទោះជា កូនក្រុមខ្លួន មានបទពិសោធន៍តិចជាងគេ ក៏ដោយ។



ក្រុមជម្រើសជាតិបាល់ទាត់ហ្វូតសាលកម្ពុជា ស្ថិតក្នុងពូល G ដោយមានម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន, អ៊ីរ៉ាក់ និងម៉ាឡេស៊ី។ លោក ឃុល ភារម្យ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា គូប្រកួតក្នុងពូល សុទ្ធតែជាក្រុម មានបទពិសោធន៍ប្រកួតអន្ដរជាតិច្រើន និងមានកម្រិតខ្លាំង។ អ្នកគ្រប់គ្រងរូបនេះ បន្ថែមថា កូនក្រុមរបស់លោក នឹងប្រឹងប្រកួតអស់ពីសមត្ថភាព និងមិនមានសម្ពាធ ពេលជួបជាមួយក្រុមខ្លាំងទាំងនោះទេ។
 
«សម្រាប់ការប្រកួតនេះ យើង នឹងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព បើទោះជាត្រូវជួបជាមួយក្រុមខ្លាំងក៏ដោយ។ ការប្រកួតនេះ ពិតជាពិសេស​ ព្រោះ យើងបានជួបជាមួយក្រុមខ្លាំង និងទទួលបានអ្វីដែលថ្មី។»។ លោក ឃុល ភារម្យ បានប្រាប់ដូច្នេះ។
 
ចំណែកក្រុមជម្រើសជាតិកម្ពុជាបាល់ទាត់ហ្វូតសាល សមាសភាពកីឡាករទាំង ១៤រូបនោះ មាន៖ ង៉ែត សីហា, កែវ ជាតួ, ហ៊ីង សុខពៅ, ព្រំ ឌីយ៉ាម៉ង់, គន្ធ លន់ដារ៉ូត, រស់ ស៊ីចំរើន, តុង ច័ន្ទមុនី, ឡាក់ ភីរុណ, កែវ សុចិត្រា, ញឹក ថាលីដា, ជាប រីឈី, ប្រាក់ សុវណ្ណរិទ្ធ, គីម ស៊ីម៉េង និង ខែក ច័ន្ទសម្បត្តិ។
 
ការប្រកួតក្នុងពូល G នៃព្រឹត្តិការណ៍ AFC Futsal Asian Cup 2024 Qualifiers នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៧-១១ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសអ៊ូសបេគីស្ថាន។
 
ការប្រកួតព្រឹត្តិការណ៍នេះ មាន ៣១ប្រទេសចូលរួម ដោយចែកជា ៨ពូល ក្នុងពូលនីមួយ មាន៤ក្រុម លើកលែងតែពូល H ដែលមានតែ ៣ក្រុមប៉ុណ្ណោះ។
 
ពូល A ថៃ គឺជាម្ចាស់ផ្ទះ ដោយមាន តួកមេនីស្ថាន, ហុងកុង និងចិន។
ពូល B ឥណ្ឌូណេស៊ី ជាម្ចាស់ផ្ទះ ត្រូវទទួល អារ៉ាប៊ី សាអូឌីត, អាហ្វហ្គានីស្ថាន និង ម៉ាកាវ។
ពូល C ម្ចាស់ផ្ទះ សាធារណរដ្ឋកៀហ្ស៊ីស៊ី ត្រូវប្រកួតជាមួយ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់, លីបង់ និង ម៉ាល់ឌីវ។
ពូល D  ម្ចាស់ផ្ទះ ម៉ុងហ្គោលី ប្រកួតជាមួយ វៀតណាម, កូរ៉េខាងត្បូង និង នេបាល់។
ពូល E ម្ចាស់ផ្ទះ តាជីគីស្ថាន ត្រូវស្វាគមន៍ មីយ៉ាន់ម៉ា, ប៉ាឡេស្ទីន និង ឥណ្ឌា។
ពូល F ម្ចាស់ផ្ទះ បារ៉ែន ប៉ះជាមួយ គុយវ៉ែត, ទីម័រខាងកើត និងព្រុយណេ។
ពូល G អ៊ូសបេគីស្ថាន ម្ចាស់ផ្ទះ ប្រកួតជាមួយ កម្ពុជា, អ៊ីរ៉ាក់ និងម៉ាឡេស៊ី។
ពូល H ម្ចាស់ផ្ទះ ឆាយនីសតាយប៉ិក ប្រកួតជាមួយ ជប៉ុន និង អូស្ដ្រាលី។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា ត្រូវប្រកួតជាមួយម្ចាស់ផ្ទះពូល G អ៊ូសបេគីស្ថាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងបន្ដជួប អ៊ីរ៉ាក់ នៅថ្ងៃទី៩ ខែតុលា។ ចំណែកថ្ងៃទី១១ ខែតុលា កម្ពុជា ត្រូវប្រកួតជាមួយ ម៉ាឡេស៊ី៕
 

Tag:
 បាល់ទាត់
  ហ្វូតសាល
© រក្សាសិទ្ធិដោយ thmeythmey.com