អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ នឹងបរិច្ចាគប្រាក់ខែទាំងអស់ទៅមូលនិធិមនុស្សធម៌
28, Sep 2023 , 9:29 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបថត សែម វណ្ណា
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបថត សែម វណ្ណា
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន នឹងបរិច្ចាគប្រាក់បៀវត្សប្រចាំខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទាំងអស់ ក្នុងអាណត្តិរបស់ខ្លួន ទៅមូលនិធិមនុស្សធម៌ផ្សេងៗ នៅក្នុងប្រទេសថៃ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៨ ខែកញ្ញា។ ការបរិច្ចាគលើកដំបូង នឹងចាប់ផ្តើមជាមួយមូលនិធិសម្រាប់កុមារ។

 
ប្រាក់បៀវត្សប្រចាំខែរបស់លោកសេដ្ឋា ថាវីស៊ីន មានសរុប៣៤១៤ដុល្លារ ដោយប្រាក់ខែនាយករដ្ឋមន្រ្តីចំនួន២០៥៥ដុល្លារ និងប្រាក់ខែរដ្ឋមន្រ្តីហិរញ្ញវត្ថុ១៣៥៩ដុល្លារ។ 
 
ប្រាក់បៀវត្សទាំងនេះ នឹងត្រូវបរិច្ចាគទៅបុគ្គល ដែលកំពុងត្រូវការ តាមរយៈមូលនិធិជាច្រើន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
តាមការបញ្ជាក់របស់លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃ ការសម្រេចបរិច្ចាគនេះ ធ្វើឡើងដោយសារលោកនាយករដ្ឋមន្រ្តីជឿលើឥទ្ធិពលនៃការផ្តល់ឱ្យ ស្របពេលរដ្ឋាភិបាលចាប់ផ្តើមអនុវត្តគោលនយោបាយក្នុងការបង្កើតឱកាស កែលម្អជីវភាពប្រជាជន កាត់បន្ថយវិសមភាពសង្គម និងគាំទ្រការអប់រំរបស់ក្មេងៗ។ បើតាមលោកសេដ្ឋា ការចែករំលែក ជារឿងល្អ ហើយមនុស្សម្នាក់គួរតែផ្តល់ឱ្យអ្នកដទៃឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើបាន។ 
 
ស្របគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបន្តថា ក្រុមការងារមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីជ្រើសយកមូលនិធិសម្រាប់ទទួលការបរិច្ចាគរបស់នាយករដ្ឋមន្រ្តី ដោយមូលនិធិសម្រាប់កុមារ នឹងទទួលបានការបរិច្ចាគដំបូងគេ។
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលថៃ គ្រោងជួបជាមួយមូលនិធិមនុស្សធម៌ជាច្រើនផ្សេងទៀតផងដែរ ដើម្បីស្តាប់ពីបញ្ហា ក៏ដូចជាស្វែងរកដំណោះស្រាយសម្រាប់ពួកគេ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com