អន្តរជាតិ
តៃវ៉ាន់ បង្ហាញនាវាមុជទឹកផលិតក្នុងស្រុក ជាមួយការប្តេជ្ញាពង្រឹងសមត្ថភាពការពារខ្លួន
28, Sep 2023 , 10:59 pm        
រូបភាព
រូបភាព AP
រូបភាព AP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី  Tsai Ing-wen នៅថ្ងៃទី២៨ ខែកញ្ញា បានប្តេជ្ញាអនុវត្តគោលនយោបាយមានអាវុធគ្រប់គ្រងសម្រាប់ការពារខ្លួន និងទិញអាវុធពីប្រទេសស្របពេលប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់ចិន។ តៃវ៉ាន់ ក៏បានបង្ហាញនាវាមុជទឹកថ្មី ដែលផលិតនៅក្នុងស្រុកលើកដំបូង។

 
តៃវ៉ាន់ នៅថ្ងៃទី២៨ ខែកញ្ញា បានបង្ហាញនាវាមុជទឹកមួយគ្រឿង ដើរដោយថាមពលអគ្គិសនី និងប្រេង ហើយត្រូវបានដាក់ឈ្មោះ «Narwhal» ជាភាសាអង់គ្លេស និង «Hai Kun» ជាភាសាចិន។ នាវាមុជទឹកនេះ ដែលបំពាក់ជាមួយមីស៊ីលMK-48 និងមានតម្លៃប្រមាណ ១,៥៤ពាន់លានដុល្លារនេះ ត្រូវបានដាក់បង្ហាញនៅកន្លែងសាងសង់នាវា Kaohsiung។ វាជានាវាមុជទឹកដំបូង ដែលត្រូវបានតៃវ៉ាន់ផលិតនៅក្នុងស្រុក។ 
 
«ប្រវត្តិសាស្រ្ត នឹងចងចាំថ្ងៃនេះ»។ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងពិធីដាក់បង្ហាញនាវាមុជទឹកដែលផលិតក្នុងស្រុកលើកដំបូង នៅថ្ងៃទី២៨ ខែកញ្ញា ដោយបន្តសរសើរពីសមត្ថភាពរបស់ដែនដីខ្លួន ដែលអាចសម្រេចទៅបានក្នុងការសាងសង់នាវាមុជទឹកដោយខ្លួនឯង ខណៈនៅក្នុងអតីតកាល តៃវ៉ាន់គ្មានសមត្ថភាពសាងសង់នាវាមុជទឹកបែបនេះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
តាមការបញ្ជាក់របស់លោកស្រី Tsai នាវាមុជទឹក ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើសង្រ្គាម ហើយតៃវ៉ាន់នឹងបន្តអនុវត្តគោលនយោបាយមានអាវុធគ្រប់គ្រងសម្រាប់ការពារខ្លួន និងទិញអាវុធពីប្រទេស។ 
 
កន្លងមក រដ្ឋាភិបាលក្រុងតៃប៉ិ បានទិញអាវុធ និងគ្រឿងបរិក្ខារយោធាជាច្រើនពីអាម៉េរិក ដើម្បីអភិវឌ្ឍប្រព័ន្ធការពារមីស៊ីល យន្តហោះចម្បាំង និងសមត្ថភាពការពារប្រទេស។ 
 
បន្ថែមពីនេះ លោកស្រី Tsai បានអះអាងថា ក្រោយពីនាវាមុជទឹក Narwhal ត្រូវបានបង្ហាញ តៃវ៉ាន់ នឹងបន្តបំពាក់គ្រឿងបរិក្ខារបន្ថែម រួមទាំងការសាកល្បងនៅក្នុងសមុទ្រ។ បើតាមមេដឹកនាំរូបនេះ ចាប់ពីឆ្នាំ២០២៥ទៅ តៃវ៉ាន់ នឹងមាននាវាមុជទឹក ៣គ្រឿង ដោយក្នុងនោះរួមទាំងនាវាមុជទឹកប្រភេទ Stegosaurus ចំនួនពីរគ្រឿង ដែលកំពុងប្រតិបត្តិការក្នុងពេលបច្ចុប្បន្ន។
 
កន្លងមក ចិន បានធ្វើសមយុទ្ធយោធាជាច្រើនលើកនៅក្បែរកោះតៃវ៉ាន់ ក្រោមហេតុផលប្រឆាំងនឹងក្រអឺតក្រទមរបស់ចលនាគាំទ្រផ្តាច់ទឹកដីនៅតៃវ៉ាន់។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង បានប្តេជ្ញាការពារដែនអធិបតេយ្យ និងបូរណភាពដែនដី មិនឱ្យមានការផ្តាច់ទឹកដីផង៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com