អន្តរជាតិ
កូរ៉េខាងជើង ធ្វើវិសោធនកម្មកំណត់គោលនយោបាយនុយក្លេអ៊ែរក្នុងរដ្ឋធម្មនុញ្ញ
29, Sep 2023 , 10:01 am        
រូបភាព
លោក គីម ជុងអ៊ុន បង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំសភា។ រូបភាព KCNA
លោក គីម ជុងអ៊ុន បង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំសភា។ រូបភាព KCNA
ដោយ៖​ ងួនសៅ​ ពុទ្ធិឫទ្ធិ 

សភាកូរ៉េខាងជើង បានអនុម័តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលចែងពីកម្លាំងនុយក្លេអ៊ែរ អាចធានាសិទ្ធិរបស់ខ្លួនក្នុងការប្រឆាំងសង្រ្គាម និងសិទ្ធិរស់រាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី២៨ ខែកញ្ញា។

 
នៅក្នុងឆ្នាំ២០២៣នេះ កូរ៉េខាងជើងបានសាកល្បងអាវុធជាច្រើនលើក។ បញ្ហានេះ បានធ្វើឱ្យកូរ៉េខាងត្បូង និងអាម៉េរិក ធ្វើសមយុទ្ធយោធាជាច្រើនលើក ដើម្បីឆ្លើយតប នឹងប្រឆាំង។ ខណៈភាពតានតឹងកំពុងកើតមាន កូរ៉េខាងជើង បានកំណត់គោលនយោបាយនុយក្លេអ៊ែរ ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។  
 
«គោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែរត្រូវបានធ្វើឱ្យទៅជាគោលនយោបាយអចិន្រ្ដៃយ៍ក្នុងច្បាប់មូលដ្ឋានរបស់រដ្ឋ ដែលគ្មានបុគ្គលណាត្រូវបានអនុញ្ញាតិឱ្យរំលោភលើគោលនយោបាយនេះឡើយ»។ លោក គីម ជុងអ៊ុននិយាយបែបនេះនៅក្នុងកិច្ចប្រជុំនៃសភាប្រជាជនកំពូល ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២៦ និងទី២៧ ខែកញ្ញា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA។ 
 
លោក គីមក៏បានហៅព្រឹត្តិការណ៍នេះថាជាប្រវត្តិសាស្រ្តមួយដែលផ្តល់នូវកម្លាំងនយោបាយដ៏មានឥទ្ធិពលសម្រាប់ការពង្រឹងសមត្ថភាពការពារជាតិ។ 
 
ជាមួយគ្នា មេដឹកនាំរូបនេះក៏បាននិយាយអំពីការបង្កើតនូវសម្ព័ន្ធយោធាត្រីត្រីភាគីរវាងអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ហើយចាត់ទុកសម្ព័ន្ធត្រីភាគីនេះ ជាអង្គការណាតូនៅក្នុងតំបន់អាស៊ី។ លោកបន្ថែមទៀតថា នេះជាការគំរាមកំហែងជាក់ស្តែងដ៏អាក្រក់បំផុត មិនមែនគំរាមកំហែងដោយវោហាសាស្ត្រ ឬការស្រមើលស្រមៃឡើយ។
 
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ សភាកូរ៉េខាងជើងបាន​អនុម័ត​ច្បាប់​មួយ​ដែល​កំណត់​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​អាវុធ​នុយក្លេអ៊ែរ ហើយ​លោក គីមក៏បានបញ្ជាក់ថាតំណែងនេះគឺមិនប្រែប្រួលឡើយ។ បច្ចុប្បន្ននេះ បន្ទាប់ពីការរំពឹងទុកនៃការរំសាយអាវុធនុយក្លេអ៊ែរមានការកើនឡើង សភាបានសម្រចកំណត់អាវុធ​នុយក្លេអ៊ែរ​នៅក្នុងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង៕ 
 

Tag:
 កូរ៉េខាងជើង
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com