ជាតិ
ក្នុងជំនួប​ជាមួយទូតសិង្ហបុរី លោក សុខ លូ បង្ហាញពី​សក្តានុពលកសិកម្ម​នៅ​បាត់ដំបង
29, Sep 2023 , 11:59 am        
រូបភាព
លោក សុខ លូ អភិបាលខេត្តបាត់ដំបង (ស្ដាំ) ក្នុងកិច្ចពិភាក្សាជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី កាលពីថ្ងៃទី២៧ ខែកញ្ញា នៅសាលាខេត្តបាត់ដំបង។ រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
លោក សុខ លូ អភិបាលខេត្តបាត់ដំបង (ស្ដាំ) ក្នុងកិច្ចពិភាក្សាជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី កាលពីថ្ងៃទី២៧ ខែកញ្ញា នៅសាលាខេត្តបាត់ដំបង។ រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញពីសក្ដានុពលកសិកម្ម ទៅកាន់មន្រ្តីទូតសិង្ហបុរី​ និងស្នើឱ្យមានការវិនិយោគ។ បើតាមអភិបាលខេត្ត នាពេលបច្ចុប្ប​ន្ន មានផលិតផលកសិកម្មជាច្រើន មិនត្រូវបានយកទៅកែច្នៃឱ្យអស់លទ្ធភាព ដែលនាំភោគផលទាំងនោះលើសតម្រូវការទីផ្សារ ហើយធ្លាក់ថ្លៃ។



ក្នុងកិច្ចពិភាក្សាជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី កាលពីថ្ងៃទី២៧ ខែកញ្ញា នៅសាលាខេត្តបាត់ដំបង លោក សុខ លូ បានលើកឡើងថា បាត់ដំបងគឺជាខេត្តមួយដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ដែលទាមទារឱ្យមានការវិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជា ការកែច្នៃផ្លែឈើ ឬផលិតផលកសិកម្ម ផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ 
 
ខេត្តភាគខាងលិចប្រទេសកម្ពុជាមួយនេះ មានភោគផលកសិកម្មជាច្រើន ដែលមិនត្រូវបានយកទៅកែច្នៃឱ្យអស់លទ្ធភាព។ កង្វះខាតការកែច្នៃនេះ បានធ្វើឱ្យផលិតផលមួយចំនួនចាល់ លើសតម្រូវការទីផ្សារ ហើយធ្លាក់ថ្លៃ។
 
លោក សុខ លូ ថ្លែងដូច្នេះថា៖« បាត់ដំបង មានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម។ វិស័យនេះ ទាមទារឱ្យវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជា ការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃ»។
 
ឱកាសនោះ លោកអភិបាលខេត្ត ក៏រំលេចគុណភាព និងរសជាតិអង្ករ និងម្រេចសំឡូត ប្រាប់ទៅកាន់ លោកស្រី Teo Lay Cheng ផងដែរ។ លោក រំពឹងថាដំណាំទាំងពីរនេះនឹងទទួលបានការចាប់អាម្មណ៍ពីអ្នកវិនិយោគសិង្ហបុរី។ 
 
ជាការឆ្លើយតប លោកស្រី Teo Lay Cheng បានលើកឡើងថា ខេត្តបាត់ដំបង ពិតជាភាពទាក់ទាញទាំងផ្នែកកសិកម្ម និងទេសចរណ៍។ ប៉ុន្តែ យ៉ាងណា លោកស្រី ត្រូវការស្វែងយល់បន្ថែមវិស័យស្រូវអង្ករនៅក្នុងខេត្តនេះឱ្យបានច្រើនជាមុនសិន ដោយសង្ឃឹមថា អង្ករកម្ពុជា និងមានវត្តមាននៅលើទីផ្សារសិង្ហបុរី ផងដែរ។ 
 
លោកស្រី ថ្លែងដូច្នេះថា៖«ខ្ញុំចង់យល់ដឹងអំពីស្រូវអង្ករនៅក្នុងខេត្តបាត់ដំបងឱ្យបានកាន់តែច្រើន និង សង្ឃឹមថាអាចនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ទៅប្រទេសសិង្ហបុរី ផងដែរ។ ដូច្នេះ បន្ទាប់ពីកិច្ចពិភាក្សានេះ ខ្ញុំ និងក្រុមការងារនឹងបន្តទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ នៅក្នុងទីរួមខេត្តបាត់ដំបង»។ 
 
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង នៅឆ្នាំ២០២២ ខេត្តនេះមានដំណាំស្រូវវស្សា ៣៨៦.៥២៦ ហិកតា, ស្រូវប្រាំង២៩.៤៥២ហិកតា ដែលផ្ដល់ទិន្នផលជាមធ្យម ៣,៣៩ តោនក្នុង១ហិកតា ។ ចំណែក ដំណាំសាកវប្បកម្ម និងឧស្សាហកម្មមាន ២៥៤.០០៣ហិកតា ដែលផ្ដល់ទិន្នផលមធ្យម ១៤,២៤តោនក្នុង១ហិកតា៕ 
 

Tag:
 កសិកម្ម
  បាត់ដំបង
  សុខ លូ
  Teo Lay Cheng
© រក្សាសិទ្ធិដោយ thmeythmey.com