ជាតិ
ទឹកជំនន់! សម្តេច ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរក្តាប់ឱ្យជាប់ តាមដានឱ្យជាប់ និងដោះស្រាយទាន់ពេលវេលា
29, Sep 2023 , 12:52 pm        
រូបភាព
អាជ្ញាធរខេត្តកំពង់ធំ បានកាយមុខទឹកឱ្យហូរចេញដើម្បី ចៀសវៀងនូវការលិចលង់បន្ថែមក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា។ រូបថតរដ្ឋបាលខេត្តកំពង់ធំ
អាជ្ញាធរខេត្តកំពង់ធំ បានកាយមុខទឹកឱ្យហូរចេញដើម្បី ចៀសវៀងនូវការលិចលង់បន្ថែមក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា។ រូបថតរដ្ឋបាលខេត្តកំពង់ធំ
ដោយ: រួបរួម
ខណៈបណ្តាខេត្តមួយចំនួនកំពុងរងគ្រោះដោយបញ្ហាទឹកជំនន់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើសារសំឡេងពិសេសមួយ ដោយបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមមធ្យោបាយ និងសម្ភារដើម្បីជួយអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ។



«ក្តាប់ឱ្យជាប់ តាមដានឱ្យជាប់ និងដោះស្រាយទាន់ពេលវេលា ក្នុងករណីមានបញ្ហាទឹកជំនន់នៅតំបន់ទទួលខុសត្រូវរបស់ខ្លួន»។ នេះជាបញ្ជារបស់ប្រមុខរដ្ឋាភិបាល ទៅកាន់បណ្តាអភិបាលរាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់លើការជួយសង្គ្រោះពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ពួកគេដែលរងផលប៉ះពាល់។

សម្តេច ហ៊ុន ម៉ាណែត បានឱ្យលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានជាមួយបណ្តាអភិបាលរាជធានី-ខេត្ត ដើម្បីត្រៀមមធ្យោបាយសង្គ្រោះបន្ថែម រីឯអគ្គស្នងការនគរបាលជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការកងទ័ពជើងគោក ទឹក និងអាកាស ក៏ត្រូវត្រៀមកម្លាំង និងសម្ភារចាំបាច់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ផងដែរ។

ជាមួយគ្នានេះ សម្តេចបានស្នើទៅលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមបញ្ចេញស្បៀង និងបរិក្ខាចាំបាច់សម្រាប់ពលរដ្ឋក្នុងករណីមានការស្នើសុំពីបណ្តារាជធានី-ខេត្ត ខណៈក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ត្រូវត្រៀមស្រូវពូជ និងសម្ភាសផ្សេងៗ ក្នុងករណីមានផលប៉ះពាល់ ឬឈានដល់ការស្តារឡើងវិញ ដូចជាការដែលកម្ពុជាធ្លាប់រងគ្រោះដោយសារទឹកជំនន់កន្លងមក។

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ អំពាវនាវឱ្យពលរដ្ឋរស់នៅតាមបណ្តោយដោយស្ទឹង បង្កើនការប្រុងប្រយ័ត្ន និងត្រៀមរកទីទួលសុវត្ថិភាព ដោយសារទឹកស្ទឹងបន្តកើនឡើង ដល់កម្រិតប្រកាសអាសន្ន។

ក្រៅពីនេះ ខេត្តកំពង់ធំ ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ព្រះសីហនុ និងកោះកុង ក៏កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងផងដែរ។ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ កាលពីថ្ងៃទី២៨ ខែកញ្ញា ថា ខេត្តកំពង់ធំរងគ្រោះខ្លាំងជាងដែលមានរហូតដល់៨ក្រុង-ស្រុក (២៨ឃុំ-សង្កាត់)៕





© រក្សាសិទ្ធិដោយ thmeythmey.com